សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សហការជាមួយនាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍មួយស្តីពី ការផលិតនិងប្រើប្រាស់កុលាលភាជន៍នៅតំបន់អង្គរ ជូនសាធារណជន បានទស្សនា និងសិក្សាស្រាវជ្រាវ មានរយៈពេល២ខែ ចាប់តាំងថ្ងៃទី២៣ ខែតុលា រហូតដល់ចុងខែធ្នូ ឆ្នាំ២០២៥។

លោក ឆាយ រចនា ប្រធានការិយាល័យសិក្សាកុលាលភាជន៍អង្គរ នៃនាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាលនិងផ្សព្វផ្សាយ បានឱ្យដឹងថា កុលាលភាជន៍ប្រមាណ២០ប្រភេទ ដែលផលិតនាសម័យអង្គរ ជាពិសេសនៅចុងសតវត្សរ៍ទី៩ រហូតដល់សតវត្សរ៍ទី១៤ ជាប្រភេទកុលាលភាជន៍ រួមមាន៖
ក្រឡ ផើង ក្អម ដន្លាប់ ចាន ពែង ខួច និងការផលិតក្បឿងជាដើម ដែលមនុស្សសម័យបុរាណតែងប្រើប្រាស់ប្រចាំថ្ងៃដោយកុលាលភាជន៍ទាំងនោះ ភាគច្រើនមានប្រភពមកពីស្ថានីយ៍ផលិតភាជន៍ថ្នល់ម្រេចភ្នំគូលែន និងស្ថានីយ៍ផលិតភាជន៍សសី។

លោកបន្តថា ពិព័រណ៍មិនអចិន្ត្រៃយ៍នេះ មានគោលបំណងចង់ឱ្យសាធារណជន បានយល់ដឹងពីឧស្សាហកម្មកុលាលភាជន៍នៅក្នុងសង្គមខ្មែរ មានការរីកចម្រើនខ្លាំង។

