ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំប្រតិភូក្រសួងព័ត៌មាន ចូលរួមរំលែកទុក្ខសព ឯកឧត្តម តី ម៉ាលី

 

 

​នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំប្រតិភូក្រសួង អញ្ជើញអុជធូប និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម តី ម៉ាលី អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីបែបព្រះពុទ្ធសាសនា នៅវត្តសន្សំកុសល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ឯកឧត្តម តី ម៉ាលី ដែលជាអតីតអ្នកសារព័ត៌មាន និងជាអ្នកគ្រប់គ្រងផ្នែកសារព័ត៌មានដ៏មានបទពិសោធន៍នៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកបានទទួលមរណភាពកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយជរាពាធ។

​ក្នុងឱកាសប្រកបដោយសេចក្តីក្ដុកក្តួលនេះ ឯកឧត្ដម រដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន បានសម្តែងនូវការសោកស្តាយស្រណោះអាឡោះអាឡ័យជាពន់ពេក ចំពោះការបាត់បង់រូប ឯកឧត្តម តី ម៉ាលី ដែលជាមន្ត្រីជាន់ខ្ពស់មួយរូបមានស្នាដៃ និងបានបូជាកម្លាំងកាយចិត្តក្នុងការបម្រើវិស័យព័ត៌មានកម្ពុជាច្បាស់លាស់កន្លងមក ព្រមទាំងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសពផងដែរ។

error: Content is protected !!