រថយន្តខ្នាតយក្សក្រឡាប់​ផ្ងារជើង ក្អួតចេញសុទ្ធតែឈើមូល សង្គមស៊ីវិលដាក់ការសង្ស័យ “សមត្ថកិច្ចត្រូវដងត្រូវផ្លែគ្នាអស់ហើយដឹង?”

​ខេត្តក្រចេះ៖ ធ្លាយរឿងអាស្រូវជះក្លិនមិនល្អផ្អើលស្រុកស្នួល! ករណីរថយន្តដឹកឈើខ្នាតយក្សមួយគ្រឿង បានជួបឧបទ្ទវហេតុក្រឡាប់ផ្ងារជើង ធ្វើឱ្យធ្លាក់រាយប៉ាយសុទ្ធតែឈើមូលៗពេញផ្លូវ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នេះ នៅចំណុចជិតផ្សារការបី ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ
​យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានលួចខ្សឹបប្រាប់ និងនិយាយតៗគ្នាទាំងហួសចិត្តថា៖
​«បើកុំតែរថយន្តនេះជួបគ្រោះថ្នាក់ក្រឡាប់កណ្តាលផ្លូវ កុំអីឈើប្រណីតទាំងនេះ ប្រហែលជាហោះឆ្លងដែនចូលទៅដល់ទឹកដីវៀតណាមបាត់ទៅហើយ!»
​ជុំវិញករណីអនាធិបតេយ្យនេះ បានធ្វើឱ្យមហាជន និងក្រុមអង្គការសង្គមស៊ីវិល ដាក់សញ្ញាសួរធំៗ និងរិះគន់ចំៗទៅលើសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសខាង រដ្ឋបាលព្រៃឈើ (មេព្រៃ) និង មន្ត្រីបរិស្ថាន ដែលឈរជើងតាមគោលដៅ និងប្រចាំការក្នុងព្រៃ។ ពួកគាត់បានលើកជាចម្ងល់ថា៖


​ហេតុអ្វីបានជាឡានដឹកឈើខ្នាតយក្ស ប៉ុនភ្នំ បែរជាអាចបើកបរឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យជាច្រើនដំណាក់កាល រហូតមកដល់ជិតផ្សារការបីទៅហើយ?
​តើភ្នែកសមត្ថកិច្ចមើលមិនឃើញ ឬមួយក៏ត្រូវដងត្រូវផ្លែ បើកភ្លើងខៀវឱ្យបទល្មើសព្រៃឈើនេះកើតឡើងដោយរលូន?
​ការបណ្តែតបណ្តោយឱ្យបទល្មើសបំផ្លាញធនធានធម្មជាតិកើតឡើងទាំងកណ្តាលថ្ងៃត្រង់បែបនេះ បង្ហាញពីភាពធូររលុង និងអសមត្ថភាពរបស់មន្ត្រីមូលដ្ឋានយ៉ាងធ្ងន់ធ្ងរ។
​ហេតុនេះទើប ប្រជាពលរដ្ឋ ក៏ដូចជាសង្គមស៊ីវិល សូមគោរពសំណូមពរយ៉ាងទទូចដល់ ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ និងក្រុមអធិការកិច្ចថ្នាក់ជាតិ មេត្តាចុះស្រាវជ្រាវ បើកការស៊ើបអង្កេតជាបន្ទាន់ ដើម្បីវែកមុខរកមន្ត្រីខិលខូចដែលកាងពីក្រោយខ្នងបទល្មើសនេះ យកមកដាក់ទោសទណ្ឌតាមច្បាប់ ដោយគ្មានការលើកលែងឡើយ៕

error: Content is protected !!