ខេត្តកំពង់ឆ្នាំង ៖ ក្រោយពីទទួលបានព័ត៌មានថា មានម្ចាស់សំណង់២ទីតាំង បានកំពុងសាងសង់សំណង់រឹងចូលទន្លេ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នេះឯកឩត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាគណៈបញ្ជាការឯភាពខេត្តកំពង់ឆ្នាំង បានចាត់ក្រុមការងារចម្រុះ ចុះពិនិត្យជាបន្ទាន់ លើករណីនេះ។

ក្នុងកិច្ចការងារនេះ លោក ជា សុខរិទ្ធិ អភិបាលរងខេត្តជាប្រធានដឹកនាំក្រុមការងារចម្រុះរដ្ឋបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឩត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចុះពិនិត្យផ្ទាល់ទៅលើទីតាំងទាំង២ កន្លែងនេះ ដោយទីតាំងទី១/ម្ចាស់ឈ្មោះឡេង យ៉ាំងញូ ប្រពន្ធឈ្មោះវ៉ា ធិមៀក ជនជាតិវៀតណាម នៅចំណុចភូមិតាជេស ឃុំតាជេស ស្រុកកំពង់ត្រឡាច បានសាងសង់សំណង់បេតុងទំហំ 7m×12mចាក់គ្រឹះសសរនិងបេតុងភ្លង់សេរួចរាល់ជាស្ថាពរ ទីតាំងនេះសង់ស្ថិតលើជ្រាំងទន្លេ ។
ទីតាំងទី២/ ម្ចាស់សំណង់ឈ្មោះ យ៉ា ហាន់ណាហ្វី អាយុ២៩ឆ្នាំ ជនជាតិខ្មែរឥស្លាម នៅចំណុចភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ម្ចាស់សំណង់បានសាងសង់បេតុងគ្រោងរៀបចំចក្រប្លង់សេទំហំ7m×12m ក្រុមការងារបានពិនិត្យឃើញថាសំណង់នេះសង់ចូលក្នុងដីទន្លេ ទាំងស្រុង ។

បន្ទាប់ពីធ្វើការពិនិត្យក្រុមការងារ បានណែនាំឲ្យម្ចាស់សំណង់ទាំង២ទីតាំងនេះ តម្រូវអោយរួសរើចេញវិញឲ្យរួចរាល់យ៉ាងយូរ ត្រឹមរយៈពេលមួយខែ នឹងហាមមិនអោយវាយចូលទន្លេនោះទេ គឺត្រូវកាយចេញអោយអស់ យោងតាមអនុក្រឹត្យលេខ 98 ទីតាំងទាំងនេះមិនអនុញ្ញាតឲ្យសាងសង់សំណង់គ្រប់ប្រភេទនោះឡើយ ក្រោយពីបានស្តាប់ការណែនាំរបស់អាជ្ញាធរ ម្ចាស់សំណង់ទាំង២ ទីតាំង យល់ព្រមរុះរើសំណង់នេះទាំងស្រុងឱ្យរួចរាល់យ៉ាងយូររយៈពេលមួយខែ គិតចាប់ពីថ្ងៃ ចុះណែនាំនេះទៅ ៕

លោកអឿ សារឿនប្រធានមន្ទីធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំងអំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមថែរក្សា ការពារទ្រព្យសម្បត្តិរបស់រដ្ឋ ជាពិសេសការការពារដីចំណីទន្លេ ស្ទឹង ព្រែក និងទំនប់ អាងទឹក ជាដើម ជាប្រភពទឹកដ៏សំខាន់សម្រាប់បម្រើដល់ជីវិតមនុស្ស សត្វ និង រុក្ខជាតិ និង អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេស រដ្ឋបាលស្រុក ឃុំនៃខេត្តកំពង់ឆ្នាំងទាំងមូលចូលរួមសហការទប់ស្កាត់ និង ចាត់វិធានការតាមផ្លូវច្បាប់លើជនដែលធ្វើ សកម្មភាពប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ ។

