ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែបអញ្ជើញចុះពិនិត្យការដាំបន្លែបែបធម្មជាតិ និងជំរុញការផលិតបន្លែសុវត្ថិភាពក្នុងមូលដ្ឋាន!!!

កែប៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីបានចុះពិនិត្យការចិញ្ចឹមមាន់ និងសត្វក្រួចរួចមក ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានបន្តអញ្ជើញចុះពិនិត្យ និងស្វែងយល់ពីការដាំដុះបន្លែបែបធម្មជាតិរបស់កសិករ ស្ថិតនៅភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។


ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានយកចិត្តទុកដាក់សាកសួរ និងស្វែងយល់ផ្ទាល់អំពី៖
បច្ចេកទេសនៃការដាំដុះ និងការថែទាំដំណាំ
ការផលិត និងការប្រើប្រាស់ជីធម្មជាតិ (ជីកំប៉ុស/ជីកសិកម្ម)
ដំណើរការប្រមូលផល និងការនាំយកទៅកាន់ទីផ្សារ
ព្រមទាំងបញ្ហាប្រឈម និងតម្រូវការចាំបាច់ផ្សេងៗរបស់កសិករក្នុងមូលដ្ឋាន។


បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្តយ៉ាងខ្លាំងដល់កសិករ ឱ្យបន្តខិតខំពង្រីកការដាំដុះបន្លែបែបធម្មជាតិបន្ថែមទៀត ដោយផ្តោតសំខាន់លើគុណភាព និងសុវត្ថិភាពចំណីអាហារ (បន្លែឥតគីមី) ដើម្បីធានាបាននូវផលិតផលល្អ បម្រើដល់ការហូបចុកក្នុងសហគមន៍ផង និងឆ្លើយតបតាមតម្រូវការទីផ្សារផងដែរ។


ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ជោគជ័យនៃការដាំបន្លែនេះ ទៅកាន់ប្រជាពលរដ្ឋជិតខាង និងសិស្សានុសិស្សនៅតាមសាលារៀន ក្នុងន័យបំពាក់បំប៉នជំនាញបំណិនជីវិត។ ការធ្វើបែបនេះ នឹងជួយឱ្យសហគមន៍អាចយកចំណេះដឹងទៅអនុវត្តជាក់ស្តែង ដើម្បីបង្កើតជាមុខរបរបន្ថែម បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង៕

error: Content is protected !!