អគ្គិភ័យបានឆាបឆេះសិប្បកម្មកែច្នៃគ្រឿងសង្ហារឹមមួយកន្លែងនៅក្រុងកំពង់ឆ្នាំង ខូចខាតឈើ និងម៉ូទ័រមួយចំនួន ប៉ុន្តែមិនបណ្ដាលឱ្យគ្រោះថ្នាក់ដល់មនុស្សឡើយ

 

​ខេត្តកំពង់ឆ្នាំង៖ ហេតុការណ៍អគ្គិភ័យមួយបានកើតឡើងនៅវេលាម៉ោង ៣:៣០នាទីទៀបភ្លឺ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ ត្រង់ចំណុចរោងឈើសិប្បកម្មកែច្នៃគ្រឿងសង្ហារឹម របស់ឈ្មោះ អៀង ឈុន ភេទប្រុស អាយុ ៥៦ឆ្នាំ ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

​ភ្លាមៗក្រោយទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឆ្នាំង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង និងការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចុះអន្តរាគមន៍បាញ់ពន្លត់យ៉ាងយកចិត្តទុកដាក់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ៣គ្រឿង និងបានគ្រប់គ្រងសភាពការណ៍ពន្លត់បានទាំងស្រុងនៅវេលាម៉ោង ៤:១០នាទីទៀបភ្លឺនាថ្ងៃដដែល។

​តាមការបញ្ជាក់ពីសមត្ថកិច្ច ការខូចខាតរួមមាន៖
​ឈើកែច្នៃសរុបចំនួន ៥ គូប
​ម៉ូទ័រកាត់ឈើ និងកាត់ដែកចំនួន ៣ គ្រឿង
​ករណីនេះ មិនបានបណ្តាលឱ្យមានគ្រោះថ្នាក់ ឬបះពាល់ដល់ជីវិតមនុស្សឡើយ។

ចំពោះមូលហេតុនៃអគ្គិភ័យនេះ គឺបណ្តាលមកពីការធ្វេសប្រហែសរបស់ម្ចាស់សិប្បកម្ម ដែលមិនបានពិនិត្យឱ្យបានសព្វជ្រុងជ្រោយមុនពេលសម្រាក ដោយផ្កាភ្លើងធ្លាក់ចេញពីកម្ទេចដែកដែលបានកាត់ បានប៉ះជាមួយកម្ទេចឈើ បង្កឱ្យឆេះជាអគ្គិភ័យតែម្តង។

VID_20260906_075302_570.mp4