ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋចំនួន៨០គ្រួសារ មកពីទាំង១០ភូមិ ក្នុងឃុំកោះថ្កូវ ស្រុកជលគិរី ដែលរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេ ហក់ឡើង បណ្តាលអោយលិចផ្ទះសំបែង និងខ្លះទៀតជំលៀសមកកាន់ទីទួលសុវត្ថិភាព នាពេលនេះទទួលបានការយកចិត្តទុកដាក់ យកអំណោយចែកចែកជូនក្នុងពេលដែលប្រជាពលរដ្ឋជួបទុក្ខលំបាក។

ពិធីចែកជូនអំណោយនេះនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅក្នុងបរិវេណវត្តកោះថ្កូវ ស្ថិតក្នុងភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជនគិរី ខេត្តកំពង់ឆ្នាំង។ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឩត្តម អភិបាលខេត្ត និងគណៈប្រតិភូអមដំណើរ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន មានប្រសាសន៍ថា ថ្វីត្បិតអំណោយនៅពេលនេះមិនមានទំហំធំធេងគ្រប់គ្រាន់ក្នុងតម្រូវការ ប៉ុន្តែស្ដែងចេញឲ្យឃើញ ពីវប្បធម៌ចែករំលែកគ្នាក្នុងគ្រាមានទុក្ខលំបាក និងជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលខ្វាយខ្វល់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។ ទោះបីបច្ចុប្បន្នមានការគំរាមកំហែងពីការឈ្លានពាន ក៏រាជរដ្ឋាភិបាល អាជ្ញាធរ នៅតែនឹករលឹក យកចិត្តទុកដាក់ចេញពីក្រអៅបេះដូង ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗគ្រប់ទិសទី មិនបោះបង់ចោលឡើយ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានពាំនាំនូវបណ្តាំសួរសុខទុក្ខ និងក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។ រាជរដ្ឋាភិបាលកម្ពុជា គឺនៅរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច ទីណាមានការលំបាក ទីនោះគឺមានកាកបាទក្រហមកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារថ្នាក់កណ្ដាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងចូលរួមជួយសម្រាលទុក្ខលំបាកបងប្អូនភ្លាមៗ។

ឯកឧត្តមបណ្ឌិតសភាចារ្យមានប្រសាសន៍បន្ថថា ក្នុងកាលៈទេសៈនេះសូមប្រជាពលរដ្ឋយើង មេត្តាសម្របខ្លួនដើម្បីរស់នៅក្នុងស្ថានភាពទឹកជំនន់នាពេលនេះ និង សូមចូលរួមរក្សាអនាម័យ បរិស្ថាន ក្នុងការរស់នៅ ហូបស្អាត ផឹកស្អាត តាំងពីពេលទឹកលិច និង ស្រកទៅវិញ។ ជាពិសេសសូមប្រុងប្រយ័ត្នខ្ពស់សុវត្ថិភាពចំពោះ កូនតូចៗ កុំអោយកើតមានឡើងបង្កដោយទឹកជំនន់នាពេលនេះ និង ប្រុងប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗ ។ល។

គួរបញ្ជាក់ផងដែរអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋ នាពេលនេះនាំយក ដោយឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន៕

