សមត្ថកិច្ចបន្ត ចុះកម្ទេចចោលបទល្មើសនេសាទ ប្រភេទរបាំងស្បៃមុង រាប់រយម៉ែត្រនៅស្រុកជលគិរី

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងខណ្ឌរដ្ឋបាលជលផល សហការយ៉ាងល្អជាមួយកងកំលាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បន្តចុះបង្ក្រាបបទល្មើសនេសាទជារៀងរាល់ថ្ងៃ ក្នុងការបង្ក្រាប ទប់ស្កាត់ នឹងកម្ទេចចោលនូវបទល្មើសនេសាទទាំងនោះ នៅនឹងកន្លែងតែម្តង។

ជាក់ស្តែងនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញ សហការណ៍ជាមួយគណបញ្ចាការឯកភាពរដ្ឋបាលស្រុកជលគិរី , កងកំលាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និង សហគមន៍នេសាទកោះធំ ដឹកនាំដោយ លោក មុត ម៉េង អភិបាលរងស្រុកជលគិរី កម្លាំងចូលរួមសរុប ចំនួន ២១ នាក់ និងប្រើប្រាស់មធ្យោបាយបាឡាស្មាច់ ចំនួន ៦ គ្រឿង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ក្នុងនោះបានប្រទះឃើញរបាំងលូស្បៃមុង នៅចំណុចទំនប់តាកុយ ស្ថិតក្នុងភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី និងចំណុចកបឹងតូច ភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគិរី ខេត្ត កំពង់ឆ្នាំង។

ប្រតិបត្តិការនេះសមត្ថកិច្ចបានឯកភាពគ្នាចុះរុះរើនិងបំផ្លាញវត្ថុតាងដែលជាឧបករណ៍នេសាទខុសច្បាប់ស្តីពីជលផលនៅនឹងកន្លែង។ ជាលទ្ធផលសម្រេចបានដូចខាងក្រោម៖
កម្ទេចរបាំងស្បៃមុងចំនួន០១ករណី ស្មើនឹង២០កន្លែង ប្រវែង ៦០០ម៉ែត្រ លបលូស្បៃមុងចំនួន២០មាត់ បង្គោលចំនួន៤០០ដើម និងចាក់លែងត្រីល្អិតចម្រុះចូលដែននេសាទវិញ ចំនួន ២០០ គីឡូក្រាម។ គួររំលេចថាទោះបីមានការបង្ក្រាបពីសមត្ថកិច្ចចម្រុះក្នុងខេត្តកំពង់ឆ្នាំងយ៉ាងមមាញឹកយ៉ាងណាក៏ដោយ គេសង្កេតឃើញថាជនប្រព្រឹត្តបទល្មើសទាំងនោះ នៅតែកើតមានឡើង បានន័យថា បង្ក្រាបខាងមុខ កើតមានខាងក្រោយដូចវែកចក៕

error: Content is protected !!