ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរខេត្តកំពង់ឆ្នាំងបានចុះពិនិត្យទីតាំងសាងសង់ឃ្លាំងមួយកន្លែងស្ថិតក្នុងភូមិសុបិន្ត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សង្ស័យថាមិនមានច្បាប់អនុញ្ញាតិ និងធ្វើរំលោភលើដីចំណីផ្លូវរបស់រដ្ឋ កិច្ចការងារនេះយោងតាមបទបញ្ជារបស់ឯកឩត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ ដឹកនាំដោយលោក ជា សុខរិទ្ធិ អភិបាលរងខេត្ត ដោយមានការចូលរួមលោក វ៉ាន់ ថេន នាយកទីចាត់ការអន្តវិស័យខេត្ត លោកប្រធានមន្ទីរអភិវឌ្ឍជននបទ អាជ្ញាធរស្រុក/ឃុំ / ភូមិ កងកម្លាំង ជាច្រើនរូប ។

ជាលទ្ធផលពិនិត្យឃើញថា ការសាងសង់សំណង់ឃ្លាំងខាងលើ ជាកម្មសិទ្ធឈ្មោះជ្រូ សុខភា បានសាងសង់ស្ទើរតែរួចរាល់១០០ភាគរយទៅហើយ ប៉ុន្តែគ្មានច្បាប់នោះទេ ថែមទាំងសាងសង់រំលោភលើដីចំណីផ្លូវរបស់រដ្ឋទៀតផង។ ពាក់ព័ន្ធករណីខាងលើនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំងតម្រូវអោយ អាជ្ញាធរស្រុកកំពង់ត្រឡាចចេញលិខិត សជណ ផ្អាកការសាងសង់ជាបណ្តោះអាសន្ន និងណែនាំអោយម្ចាស់សំណង់ទៅសុំច្បាប់ទម្លាប់អោយបានត្រឹមត្រូវ តាមនិតិវិធី ជួសជុលស្លាកលើកសញ្ញារបស់ក្រសួងអភិវឌ្ឍជនបទឡើងវិញបន្ទាប់មានមានការខូចខាត នឹងមិនបន្តអោយកើតមានការធ្វើកិច្ចសន្យាទៀតនោះទេ ក្នុងន័យនេះបើសិនជាម្ចាស់មិនចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ នឹងមានចំណាត់ការផ្លូវច្បាស់រុះរើ កាត់តម្រឹមចេញ ដោយគ្មានការលើកលែង ចំពោះការខូចខាតម្ចាស់ទីតាំងទទួលខុសត្រូវដោយខ្លួនឯង។

សំណង់រឹងមាំដែលមានទំហំអាចដំណើរការបានយ៉ាងរលូនដូចនេះ ប្រជាពលរដ្ឋដាក់ការសង្ស័យថា ជាការបើកភ្លើងខៀវ ឬ ជាត្រូវរូវគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ទើបម្ចាស់សំណង់ខាងលើ អាចសាងសង់ដោយគ្មានច្បាប់ តាំងពីជំហានដំបូង រហូតមកទល់ពេលនេះស្ទើរតែសាងសង់រួចរាល់ជាស្ថាពរ១០០ភាគរយទៅហើយ បែជាអាជ្ញាធរស្រុកបានត្រឹមធ្វើកិច្ចសន្យាទៅវិញ ។

គួរបញ្ជាក់ថា សកម្មភាពទាំងនេះជាគំរូអាក្រក់ ដែលអោយប្រជាពលរដ្ឋដ៏ទៃទៀតអនុវត្តតាម ការសាងសង់សំណង់ រោង ឬដំបូលរំលោភលើដីចំណីផ្លូវរបស់រដ្ឋ នាំឱ្យបាត់បង់សោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈ និងបង្កកកស្ទះ និងថកើតមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ព្រមទាំងរារាំងដល់គម្រោងពង្រីកផ្លូវ និងលូទឹក។ សកម្មភាពនេះខុសច្បាប់ស្តីពីផ្លូវថ្នល់ ដែលប្រឈមនឹងការរុះរើដោយបង្ខំ ពិន័យជាប្រាក់ ឬទោសទណ្ឌតាមផ្លូវច្បាប់៕

