ជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្បែររូបសំណាក ព្រះគោ-ព្រះកែវ

  • ខេត្តកំពង់ឆ្នាំង ៖ កំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្បែររូបសំណាក ព្រះគោ ព្រះកែវ ផ្លូវបំបែកចូលទៅផ្សារឧដុង្គ ត្រូវបានជំនន់ទឹកភ្លៀងជន់លិច នៅព្រឹកថ្ងៃទី ៥ ខែកញ្ញាឆ្នាំ ២០២៥។ អាជ្ញាធរស្រុកចំនួន ៣ ដែលមានព្រំប្រទល់ជាប់គ្នា បានមមាញឹកក្នុងការច្រកដីចូលការ៉ុង ដើម្បីទប់ទឹកជំនន់ខាងលើ។

លោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលកំពុងដឹកនាំក្រុមការងារ ច្រកដីចូលការ៉ុងទប់ទឹកជំនន់ខាងលើបានឲ្យដឹងថា កំណាត់ផ្លូវបំបែកចេញពីរូបសំណាក់ព្រះគោព្រះកែវ ទៅផ្សារឧដុង្គ បានជន់លិចដាច់ប្រហែលជាង ៦០ ម៉ែត្រ មានកម្ពស់ប្រហែល២តឹក ។ដើម្បីធានាកុំឲ្យខូចខាតផ្លូវនៅព្រឹកនេះអាជ្ញាធរស្រុកចំនួន ៣ គឺស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងអាជ្ញាធរស្រុកឧត្តុងម៉ែជ័យ ខេត្តកំពង់ស្ពឺ បាននាំគ្នាច្រកដីចូលការ៉ុង យកមកទប់ដើម្បីឲ្យការចរាចរណ៍អាចធ្វើដំណើរទៅបាន។ យ៉ាងនេះក្តីរថយន្តធន់ធំហាមបើកចូលគឺចូលបានតែរថយន្តទេសចរណ៍ធុនតូចធម្មតាតែប៉ុណ្ណោះ។ បច្ចុប្បន្នគ្រប់គ្រងស្ថានការណ៍បាន៧០%ហើយ ប៉ុន្តែកម្លាំងយើងរង់ចាំតាមដានមើលសភាពការជាប្រចាំ ដើម្បីធានាបាននូវកិច្ចអន្តរាគមន៍ទាន់ពេលវេលា ចំពោះជំនន់ទឹកភ្លៀងនាពេលនេះ។

លោកបានបញ្ជាក់ថាជំនន់ទឹកភ្លៀងនេះបណ្ដាលមកពីនៅផ្នែកខាងលើភ្លៀងធ្លាក់ខ្លាំង ហើយបានហូរចេញពីទំនប់ទឹកអន្លង់ជ្រៃដែលមានកម្ពស់ខ្ពស់ ទើបបណ្ដាលឱ្យជន់លិចបែបនេះ។ ប្រសិនបើមេឃនៅតែបន្តភ្លៀងនោះកំណត់ផ្លូវដដែលនេះនឹងឡើងខ្ពស់ជាងមុនដែលនឹងអាចបិទចរាចរណ៍ ទាំងស្រុងតែម្ដង។ ក្នុងនោះផងដែរ រថយន្តធំៗបើកផ្លូវវៀងផ្សារឧដុង្គ ជាបណ្ដោះអាសន្ន៕

 

error: Content is protected !!