នៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៦ ឯកឧត្តម ឈីវ លីម អគ្គលេខាធិការរងអាជ្ញាធរមីន តំណាងថ្នាក់ដឹកនាំអាជ្ញាធរមីន បានសម្របសម្រួលដំណើរទស្សនកិច្ចរបស់លោក Scotty Lee ស្ថាបនិក អង្គការស្មារតីនៃអ្នកកីឡា (SOS) ប្រចាំប្រទេសកម្ពុជា ឡាវ អ៊ីរ៉ាក់ កូឡុំប៊ី និងអ៊ុយក្រែន ចុះសិក្សាស្វែងយល់ពីផលប៉ះពាល់ដោយសារការឈ្លានពានពីយោធាថៃ នៅខេត្តបន្ទាយមានជ័យ។

ក្នុងដំណើរទស្សនកិច្ចនេះ លោក Scotty Lee បានចុះសិក្សាស្វែងយល់នៅជំរុំជនភៀសសឹក និងចុះពិនិត្យផលប៉ះពាល់នៅតាមបណ្តោយព្រំដែនក្នុងខេត្តបន្ទាយមានជ័យ។ លោកបានសំដែងនូវការសោកស្តាយយ៉ាងខ្លាំង ជាពិសេសក្មេងៗត្រូវបានរត់ចោលសាលាមកសិក្សានៅសាលាបណ្តោះអាសន្នក្នុងជំរុំ ប៉ុន្តែទោះបីយ៉ាង លោកសូមកោតសរសើរដល់អាជ្ញាធរដែនដីដែលបានរៀបចំជំរុំបានល្អ និងទទួលជនភៀសសឹកបានល្អ ធ្វើអោយពួកគាត់មានភាពកក់ក្តៅយ៉ាងខ្លាំង ៕ ប្រភព និងរូបភាព៖ អាជ្ញាធរមីន

