ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀល ថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពង្រឹងវិធានការអនុវត្តច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ លេខាធិការដ្ឋាន គ.ប.ឆ.ប. ប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានី ខេត្តនៅទូទាំងប្រទេស។

នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើការអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីការអនុវត្តច្បាប់ជាក់ស្តែង និង បញ្ហាប្រឈមចំពោះមុខក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងបានរួមគ្នាដាក់ចេញនូវដំណោះស្រាយ និង វិធានការចាំបាច់នានា ក្នុងការពង្រឹងវិធានការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព នៅតាមសាលាជម្រះក្តី និង អង្គការអយ្យការអមសាលាជម្រះក្តី
សំដៅធានាឱ្យបាននូវភាពជោគជ័យក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីកម្ពុជា និង ទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មក្នុងទ្រង់ទ្រាយធំវិលត្រឡប់មកកម្ពុជាវិញ ដែលជាគោលនយោបាយអាទិភាពររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

