ខេត្តកំពង់ឆ្នាំង ៖ ក្រុមគ្រួសារដែលមានជីវភាពខ្វះខាត និងមានកូនពិការភាពរហូតទៅដល់៣នាក់ រស់នៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង អំពាវនាវសុំអោយសប្បុរសធម៌ជួយ លោក សំ សំណាង មេភូមិបាញ់ឆ្គោលអោយដឹងថា លោកតា សុំ ស៊ុន អាយុ៧៧ ឆ្នាំ និងលោកយាយថោង គាំ អាយុ៧៣ឆ្នាំ មានកូនចំនួន៤នាក់ ក្នុងនោះពិការភាព៣នាក់ ។
ដោយកូនប្រុសឈ្មោះ អុន សំអាង និងអុន សំអង មានជម្ងឺស្វិតជើង និង អុន ចាន់ទ្រី ពិការភ្នែក ។ លោកមេភូមិ បញ្ជាក់បន្ថែមថាក្នុងកន្លុងនៅរៀនថ្នាក់ទី៤ កូនទាំង២ដើរទៅរៀនសូត្របានធម្មតា ប៉ុន្តែក្រោយមកស្រាប់តែមានជម្ងឺស្វិតដៃ ស្វិតជើងដើរលែងរួច រហូតសព្វថ្ងៃនេះ ហើយស្ថានភាពគ្រួសារកាន់តែធ្លាក់ដុនដាប និងលើកដៃសុំជំនួយពីសប្បុរសជនដោយក្តីអនុគ្រោះ ។

ក្រោយទទួលបានព័ត៌មាននេះលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រខេត្តកំពង់ឆ្នាំង និងលោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ និងក្រុមសប្បុរសធម៌ បានចុះសួរសុខទុក្ខ និងនាំយកសម្ភារៈ និងថវិការបស់សប្បុរសជន ជូនដល់ក្រុមគ្រួសារដែលមានកូនពិការភាព ៕

