ខេត្តកំពង់ឆ្នាំង ៖ ផ្ទះប្រជាពលរដ្ឋ១ខ្នង ត្រូវអគ្គិភ័យឆាបឆេះស្ទើអស់ទាំងស្រុង ។ ករណីនេះនៅម៉ោង១១ និង៣០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិសាស្ត្រ ភូមិកញ្ជោង ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

លោក ឩត្តសេនីយ៍ត្រី លុយ ឌីណា ស្នងការរង ទទួលការងារបង្កាពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បញ្ជាក់អោយដឹងថា តាមការសន្និដ្ឋានមូលហេតុ បណ្តាលមកពី ករណី ទូស្សេខ្សែភ្លើង ជនរងគ្រោះជាម្ចាស់ផ្ទះ ឈ្មោះម៉ាត់ ស្លេះ ភេទប្រុស អាយុ៥២ឆ្នាំ និងប្រពន្ធ ឈ្មោះ ម៉ាត់ ហានទោន ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិឃុំ កើតហេតុខាងលើ។

ចំពោះទំហំខូចខាតទាំងស្រុង ផ្ទះ១ខ្នង ធ្វើអំពីឈើលើ ថ្មក្រោម ទំហំទទឹង០៧ម៉ែត្រ និង បណ្តោយ១៩ម៉ែត្រ / សំលៀកបំពាក់សំដាក់ដាក់លក់ចំនួន ១០ទូរ / ថវិកាចំនួន ១០លានរៀល / មាសចំនួន០៤ដំឡឹង ( មិនទាន់រកឃើញ ) និង សម្ភារះប្រើប្រាស់មួយចំនួនទៀត ។ ករណីនេះមិនបណ្តាលអោយឆេះរាលដាល និងរងរបួសដល់មនុស្សនោះទេ។

លោក ឩត្តសេនីយ៍ត្រី លុយ ឌីណា សូមអរគុណកម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ និង កម្លាំងអធិការនគរបាលស្រុកកំពង់ត្រឡាច ដែលបានជួយអន្តរាគមន៍ក្នុងកិច្ចការងារនេះ និងស្នើសូមអធិការជួយដាក់កម្លាំងការពារកន្លែងដែលបាត់មាស ៤ដំឡឹងនោះផង ហាមកុំអោយអ្នកគ្នានភារៈកិច្ចចូលទីតាំងដែលទ្រព្យសម្បត្តិ ទាំងនោះ ដោយទុកអោយម្ចាស់ផ្ទះរកដោុយខ្លួនគាត់ផ្ទាល់ជៀសវាងអ្នកដ៏ទៃចូលបន្លំ៕

