ខេត្តកំពង់ឆ្នាំង ៖ ភ្លៀងធ្លាក់មួយមេ លាយឡំខ្យល់កន្ត្រាក់ បង្កអោយផ្ទះប្រជាពលរដ្ឋរងការខូចខាតអស់ជាច្រើនខ្នង និងបណ្តាលអោយមានមនុស្សរងរបួសធ្ងន់ស្រាលជាច្រើននាក់ផងដែរហេតុការនេះនៅម៉ោង២៣ និង៣០នាទីយប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ បក់បោកចំលើផ្ទះសំបែងរបស់ប្រជាពលរដ្ឋចំនួន២ភូមិ គឺ ភូមិពាមខ្នង និងភូមិថ្នល់ឈើទាល ស្ថិតក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

លោក ប៉ាត គន មេឃុំផ្លូវទូកបញ្ជាក់អោយដឹងថា ក្នុងករណីគ្រោះធម្មជាតិងលើនេះបណ្តាលអោយផ្ទះសំបែងប្រជាពលរដ្ឋរងការខូចខាត សរុប៣៣ខ្នង និងមានមនុស្សរងរបួសធ្ងន់ស្រាលចំនួន៦នាក់ ស្រី០៣នាក់ (ក្នុងនោះស្ត្រី១នាក់របួសធ្ងន់) លោកមេឃុំផ្លូវទូក បញ្ជាក់បន្ថែមថា ចំពោះភូមិពាមខ្នងរលំទាំងស្រុង ៦ ខ្នង , ល្បើកដំបូលទាំងស្រុង ៥ ខ្នង , របើកស័ង្កសី ៦ខ្នង , និងបាក់ជើងធ្លាក់ដល់ដីចំនួន ២ខ្នង សរុប ១៩ ខ្នង ។
ដោយឡែកនៅភូមិថ្នល់ឈើទាល រលំទាំងស្រុងចំនួន ២ខ្នង , របើកដំបូល ៣ខ្នង , និងរបើកស័ង្កសី អស់ចំនួន៨ ខ្នង សរុប១៣ខ្នង ។ ជារួមទាំង២ភូមិ ក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ផ្ទះប្រជាពលរដ្ឋដែលរងការខូចខាតក្នុងហេតុការខ្យល់កន្ត្រាក់ខាងលើនេះ សរុបចំនួន ៣៥ខ្នង ៕


