នៅរសៀលថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង បានអញ្ជើញអមដំណើរឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ចូលរួមរំលែកទុក្ខក្រុមគ្រួសារដែលជួបឧបទ្ទវហេតុដោយគ្រោះថ្នាក់ចរាចរណ៍ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ រវាងរថយន្តដឹកទំនិញ និងរថយន្តដឹកកម្មករកម្មការិនីរោងចក្រ នៅចំណុចមុខសាលាបឋមសិក្សាសាលាលេខ៥ ស្ថិតនៅឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបណ្ដាលឱ្យកម្មករកម្មការិនី ចំនួន ៩ នាក់ បានទទួលមរណភាព។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា បន្ទាប់ពីសម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី បានឃើញព័ត៌មានពីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាវេលាព្រឹកមិញនេះ សម្ដេចទាំងទ្វេ បានចាត់ឯកឧត្តមបណ្ឌិតសភាចារ្យ ចុះសួរសុខទុក្ខ និងការចូលរួមរំលែកមរណទុក្ខពីសំណាក់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះក្រុមគ្រួសារ និងសាច់ញាតិនៃសព ចំពោះការបាត់បង់ម្ដាយ បងប្រុស បងស្រី និងកូនៗ ជាទីស្រឡាញ់បំផុត ក្នុងហេតុការណ៍ដ៏អកុសលនេះ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បាននាំយកនូវអង្ករចំនួន ៥០ គីឡូក្រាម និងថវិកាមួយចំនួន ឧបត្ថម្ភជូនដល់ក្រុមគ្រួសារសពទាំង ៩ គ្រួសារផងដែរ។ សូមបញ្ជាក់ថា ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងនៅលើផ្លូវជាតិលេខ៥ ខាងលើនេះ បណ្ដាលឱ្យកម្មករកម្មការិនី ចំនួន ៩ នាក់ ទទួលមរណភាព របួសធ្ងន់ ៩ នាក់ និងរបួសស្រាលចំនួន ៣៥ នាក់៕

