រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញពិធីចូលរួមកាន់បិណ្ឌទី ៤នៅវត្តអារញ្ញការាម ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង!!!

 

ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ផាត សុផានី ស៊ុន សុវណ្ណារិទ្ធិ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រ ឯកឩត្តម លោកជំទាវមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌទី៤ ព្រមទាំងប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ នៅវត្តអារញ្ញការាម (ហៅវត្តអារញ្ញ) ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុង និងខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីធ្វើកិច្ចគោរពបូជា ផ្កាទៀនធូក ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និងនមសកា ព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌ព្រះសម្មាសាម្ពុទ្ធរួច ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ បានវេរប្រគេននូវទ័យ្យទានវត្ថុដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់ទៅតាមពុទ្ធានុញ្ញាត្តិ ព្រមទាំងបានឧទ្ទិសកុសលផលបុណ្យ ជូនឯកឧត្តម លោកជំទាវ លោកយាយ លោកតា ពុទ្ធបរិស័ទ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងទាំងមូល សូមទទួលបាននូវមគ្គផល កុសលផលបុណ្យ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន និងសូមជួបប្រកបតែនូវពុទ្ធពរ ទាំង៥ប្រការ គឺអាយុ វណ្ណ: សុខ: ពល: និង បដិភាណ: កុំបីឃ្លៀងឃ្លាតឡើយ។

លោកជំទាវកែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងក៍បានមានប្រសាសន៍រំលេចថា បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះមានរយៈពេល១៥ថ្ងៃដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោចខែភទ្របុត្រ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។

នៅក្នុងរដូវនៃពិធីបុណ្យកាន់បិណ្ឌ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង និងប្រជាពុទ្ធបរិស័ទតែងតែរួមគ្នាធ្វើបុណ្យ ធ្វើទានតាមទីអារាម ដោយបាននាំយកនូវគ្រឿង សក្ការបូជា និងទេយ្យទាន មានគ្រឿងឧបភោគ-បរិភោគ បច្ច័យយកមកប្រគេនព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូន ជីតា ញាតិការទាំង៧សន្ដាន ដែលបានចែកឋាន ទៅកាន់បរិលោកខាងមុខ សូមឱ្យមកទទួលនូវផល្លានិសង្ឃដែលកូនចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃនាបុណ្យកាន់បិណ្ឌនេះ ឱ្យបានទៅសោយសុខ នៅទីស្ថានបរមសុខគ្រប់ៗជាតិ។

លើសពីនេះ ការសូត្រមន្ត រាប់បាត្រ បង្សុកូល នៅថ្ងៃនេះ គឺដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជនយុទ្ធារី ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា ដោយពួកគាត់បានរួមចំណែកអនុវត្តនូវនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុនសែន នាំមកនូវសុខសន្តិភាព និងការឯកភាពពេញលេញ ជូនប្រជាជនកម្ពុជា។

ពិសេសសូមឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវីរៈយុទ្ធជននៃកងយុទ្ធពលខេមរៈភូមិន្ទដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់ពួកចោរសៀមនៅតាមព្រំដែនកម្ពុជា ថៃ នាពេលថ្មីៗកន្លងទៅនេះ និងបានបួងសួងដល់វិញ្ញាណក្ខន្ធរបស់ពួកគាត់បានទៅកាន់សុខគតិភពកុំបីឃ្លៀងទៀតឡើយ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត កំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រោយពីប្រគេនចង្ហាន់ ទេយ្យវត្ថុ និងបច្ច័យ ជូនដល់ព្រះសង្ឃហើយ ឯកឧត្តម លោកជំទាវ និងមន្ត្រីរាជការបាន ប្រគល់ជូនថវិកាជូនដល់ដូនជី តាជី ដែលបានចូលរួមកាន់បិណ្ឌវេនទី ៤នេះផងដែរ៕

error: Content is protected !!