ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ឆ្នាំងនិងរដ្ឋបាលស្រុករលាប្អៀរ រួមទាំងមន្ទីរអង្គភាពជុំវិញខេត្ដ ដឹកនាំដោយលោក យិន សាវ៉េន អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្ដកំពង់ឆ្នាំង
ដោយមានការអញ្ជើញចូលរួមពី លោក ងិន ហ៊ុន ប្រធានក្រុមការងារថ្នាក់ខេត្ដ និងសហការី លោក សេង វិចិត្រ អភិបាលនៃគណៈអភិបាលស្រុករលាប្អៀរ រួមជាមួយនាយក នាយករងទីចាត់ការ និងមន្ដ្រីរាជការសាលាខេត្ដ មន្ដ្រីរាជការសាលាស្រុក លោក លោកស្រី គ្រប់មន្ទីរអង្គភាពជុំវិញខេត្ដ លោក យី ភួន មេឃុំ និងសហការី អាជ្ញាធរភូមិ បានចូលរួមកាន់បិណ្ឌទី១១ និងបាននាំយកទេយ្យទាន និងបច្ច័យទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្ដសុវណ្ណឱរិយ្យ ហៅវត្ដក្រពើពល់ ស្ថិតក្នុងភូមិក្រពើពុល ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឩត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង
ប្រគេនជូនចំពោះព្រះសង្ឈ និងជូនលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួម ក្នុងពិធីកាន់បិណ្ឌ នៅវត្តក្រពើពុលនាពេលនេះ។ គួរំលេចថា សុខសន្តិភាពពិតជាមានតម្លៃដ៍មហាសាល មានសន្តិភាពទើបមានការអភិឌ្ឍ ប្រជាពលរដ្ឋប្រារព្ធពីធីបុណ្យទាននានាបាន ប្រកបដោយភាពកក់ក្តៅ និងសទ្ធាជ្រះថ្លា ។
ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះស្ថាបនិកក្នុងការរកបាននូវសន្តិភាព និងចូលរួមថែរក្សាសុខសន្តិភាព ដែលរកបានដោយកម្រនេះ អោយស្ថិតស្ថេរជានិរន្តិ៍។

សូមរំលឹកផងដែរថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរផ្សេងទៀត ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ។
ប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះជាប្រចាំរៀងរាល់ឆ្នាំដែលទម្លាប់ទាំងនេះគឺបានអនុវត្តជាយូរយាណាស់មកហើយ ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួង ឧទ្ទិសមគ្គផល កុសលផលបុណ្យ ទៅដល់ពពួកប្រែតអសុរកាយ និង ឧទ្ទិសមហាកុសលជូនដល់លោកអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា ញាតិកាលទាំង៧សណ្តាន
ដែលបានចែកឋានទៅហើយនោះ និង ជួយរំដោះឱ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ដើម្បីបានទៅកាន់សុខគតិភពថ្មី និងសូមនៅទីឋានបរមសុខគ្រប់ៗជាតិ ជាពិសេសពិធីថ្ងៃនេះដែរ សូមឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពខ្មែរ ដែលបានពលីដើម្បីការពារបូរណភាពទឹកដី សូមឱ្យបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

គួរបញ្ជាក់ថា ក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី១១ នៅវត្ដក្រពើពុល នេះដែរ ក្រុមការងារនាំយកនូវទេយ្យទានមួយចំនួនធំ និងបច្ច័យសរុបចំនួន ៣,៤០០,០០០៛ ប្រវេនជូនព្រះសង្ឃសម្រាប់កសាង និងចាត់ចែងក្នុងកម្មវិធីបុណ្យកាន់បិណ្ឌនេះផងដែរ ៕

