កំពង់ឆ្នាំង៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោកស្រី គង់ ចន្ថា អភិបាលរងស្រុកកំពង់លែង តំណាងឱ្យលោក យ៉ែម លក្ខិណា អភិបាលស្រុក បានដឹកនាំក្រុមការងារ រួមមាន លោកស្រី ហង្ស ផល្លី សមាជិកាក្រុមប្រឹក្សាស្រុក ព្រមទាំងក្រុមការងារស្រុក សមាជិកក្រុមប្រឹក្សាឃុំ ជំនួយការឃុំ និងអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ និងនាំយកសម្ភារឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ទៅចែកជូនដល់គ្រួសារក្រីក្រ និងកំពុងជួបប្រទះការលំបាកក្នុងជីវភាពចំនួន ៥គ្រួសារ ស្ថិតនៅក្នុងឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

គ្រួសារក្រីក្រទាំង ៥ ដែលទទួលបានការយកចិត្តទុកដាក់ និងជំនួយមនុស្សធម៌នាឱកាសនោះ រួមមាន៖
ភូមិច្រេស (២គ្រួសារ)៖ គ្រួសារលោក អ៊ីង សំ និងគ្រួសារលោក អ៊ុំ ធឿន (ប្រពន្ធឈ្មោះ ប្រាជ្ញ ចែម)
ភូមិត្របែក (២គ្រួសារ)៖ គ្រួសារលោក ប៊ូ សុភ័ក្រ និងគ្រួសារលោក យ៉ន នាង (ប្រពន្ធឈ្មោះ វ៉ាន់ថា)
ភូមិអណ្ដូងរនុក (១គ្រួសារ)៖ គ្រួសារលោកយាយ វ៉ាន់ លឹង
នៅក្នុងសកម្មភាពចុះសួរសុខទុក្ខដល់ខ្នងផ្ទះនីមួយៗនោះ អំណោយដែលគ្រួសារនីមួយៗទទួលបានរួមមាន៖
អង្ករ ១៥ គីឡូក្រាម
មី ១០ កញ្ចប់
ទឹកត្រី ៣ ដប
ប្រេងឆា ២ ដប
ថវិកាឧបត្ថម្ភចំនួន ៤០,០០០ រៀល

សកម្មភាពមនុស្សធម៌នាពេលនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារដែលងាយរងគ្រោះ និងកំពុងជួបការលំបាកខ្លាំង ដើម្បីជួយសម្រាលបន្ទុកជីវភាពបានមួយកម្រិត និងបង្កើតនូវស្នាមញញឹម ព្រមទាំងកម្លាំងចិត្តបន្ថែមទៀតដល់ពួកគាត់ក្នុងការបន្តប្រកបរបរចិញ្ចឹមជីវិត៕

