មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បង្ហាញពីរបៀបអភិរក្ស និងថែទាំវត្ថុបុរាណ

 

ខេត្តកំពង់ឆ្នាំង ៖ សារមន្ទីរជាមណ្ឌលប្រមូលម្តុំវត្ថុសិល្បៈវត្ថុបុរាណ យកមកជួសជុល ថែរក្សា និងដាក់តាំងបង្ហាញបង្ហាញជូនដល់សាធារណជន និងអ្នកស្រាវជ្រាវ បានទស្សនា និងសិក្សាស្វែងយល់ពីមរតកបុរាណស្ទើរគ្រប់សម័យកាល។ ម្ល៉ោះហើយវត្ថុបុរាណជាច្រើនត្រូវការពិនិត្យ ជួសជុល ថែទាំ និងអភិរក្សខ្ពស់ដើម្បីឱ្យមរតកពីដូនតាខ្មែរនៅគង់វង្សយូរអង្វែង។


ដោយយល់ឃើញពីភាពចាំបាច់នេះទើបក្រុមការងារការិយាល័យសារមន្ទីរខេត្តកំពង់ឆ្នាំង បានខិតខំក្នុងការថែទាំបុរាណវត្ថុទាំងនោះបញ្ហាប្រឈមមួយចំនួនដែលបណ្តាលឲ្យខូចខាតដល់បុរាណវត្ថុ រួមមាន៖ ធូលីដី ស្នឹម សំណើម ច្រែសស៊ី ប្រេះ របក បាក់ បែក បាត់ សឹករេចរឹល ពុកផុយជាដើម។ល។

កិច្ចការងារអភិរក្ស និងជួសជុលជាកិច្ចការដ៏លំបាកបំផុតព្រោះកិច្ចការនេះ ត្រូវការពេលវេលា ការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីរក្សាស្ថានភាពដើម សោភ័ណភាព រចនាសម្ព័ន្ធរបស់វត្ថុឱ្យរឹងមាំ កាត់បន្ថយ និងទប់ស្កាត់ការវិវឌ្ឍទៅរកភាពខូចខាតនាពេលអនាគត។

លោក ប៊ុន ថនសុខាណារិទ្ធិ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង អោយដឹង នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នេះថា ជាទូទៅថ្នាក់ដឹកនាំខេត្ត មានឯកឩត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង តែងតែយកចិត្តទុកដាក់ចូលរួមចំណែកក្នុងការផ្សព្វផ្សាយ គាំទ្រអំពីសកម្មភាពសារមន្ទីរផងដែរ ។

ជាមួយគ្នានេះលោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង សូមសំណូមពរបន្ថែមជូនប្រជាពលរដ្ឋទូទៅ មន្ត្រីរាជការ សិស្សានុសិស្ស ចំណាយពេលវេលាអញ្ជើញមកចូលរួមទស្សនា សារៈមន្ទីអោយបានច្រើន ដើម្បីបានសិក្សាស្វែងយល់ពីបុរាណវត្ថុ ដែលមានតម្កល់នៅក្នុងសារៈមន្ទីររបស់យើង អោយមានសកម្មភាពជារៀងរាល់ថ្ងៃ៕

error: Content is protected !!