សិស្សជាប់និទ្ទេស A ក្នុងស្រុកទឹកផុស ទទួលបានការលើកទឹកចិត្ត ពីលោកអភិបាលខេត្តកំពង់ឆ្នាំងព្រមទាំងព្រះអង្គចន្ទ មុនី ឧបត្ថម្ភម៉ូតូ និងកុំព្យូទ័រ ដល់សិស្សនិទ្ទេសA នៅស្រុកទឹកផុស

 

ខេត្តកំពង់ឆ្នាំង ៖ ព្រះធម្មវនវាសី ចន្ទ មុនី ព្រះចៅអធិការវត្តចន្ទប្បជោត្តនារាម (ហៅវត្តសុត) បាននិមន្តសំណេះសំណាល និងចែករង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A នៅស្រុកទឹកផុស ពិធីនេះ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅសាលាស្រុកទឹកផុស ដោយមានការអញ្ជើញចូលរួម ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្សានុសិស្ស ជាច្រើនរូប។

ព្រះធម្មវនវាសី ចន្ទ មុនី មានសង្ឈដីកា លើកទឹកចិត្តសិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងរៀនសូត្រទាំងយប់ទាំងថ្ងៃ ប្រឡងបានជាប់ចំណាត់ថ្នាក់ និងនិទ្ទេសល្អនាពេលនេះ និងណែនាំបន្ថែមសូមប្អូនកុំភ្លេចខ្លួន ព្រោះនិទ្ទេសល្អនាពេលនេះមិនទាន់កំណត់ជោគវាសនាទៅថ្ងៃអនាគតបាននៅឡើយនោះទេ ។

  1. ដោយឡែកចំពោះសិស្សដែលប្រឡងពុំទាន់បាននិទ្ទេល្អ សូមកុំសោកស្តាយ ឬ តូចចិត្តអ្វី គឺនៅមានឳកាសវែងឆ្ងាយតទៅទៀត ព្រោះថាភាពជោគជ័យមិនអាចវាស់ នៅលើនិទ្ទេសល្អនោះដែរ ត្រូវបន្តប្រឹងប្រែងបន្ថែមទៀត ដើម្បីអភិវឌ្ឍខ្លួនជាទំពាំងស្នងឬស្សី ទៅថ្ងៃអនាគត។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ចូលរួមអបអរសាទរដល់ក្មួយៗសិស្សានុសិស្ស ដែលបានប្រឡងជាប់និទ្ទេសA ហើយក៏សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកគ្រូ អ្នកគ្រូ ក៏ដូចជាអាណាព្យាបាលសិស្ស ដែលបាន ខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ចំណេះដឹងដល់ការសិក្សារបស់ក្មួយៗ ដែលជា ការរួមចំណែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ។

ជាពិសេសសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះអង្គ ចន្ទ មុនី ដែលព្រះអង្គតែងតែយកចិត្តទុកដាក់ខ្ពស់សម្រាប់ការជួយឧបត្ថម្ភជាច្រើនដល់រដ្ឋបាល ខេត្ត ហើយជាក់ស្តែងថ្ងៃនេះដែរ សិស្សនិទ្ទេស A ស្រុកទឹកផុសមានចំនួន ៣នាក់ ដែលបានទទួលការ ឧបត្ថម្ភពី ព្រះអង្គ ចន្ទមុនី ម៉ូតូចំនួន ៣គ្រឿង និងកុំព្យូទ័រចំនួន ៣គ្រឿង ។

ក្នុងនោះបានណែនាំ ដល់សិស្សានុសិស្សដែលមានបំណងរៀនផ្នែកកសិកម្ម អាចទំនាក់ទំនងជាមួយអាជ្ញាធរ ដើម្បីទទួលបានចំនួនជាក់លាក់ ចាត់ចែងក្រុមការងារបើកវគ្គបណ្ដុះបណ្ដាលជូនសិស្សានុសិស្សបានសិក្សារៀនសូត្រ ដើម្បីរកប្រភពចំណូលបន្ថែមទៀត ទ្រទ្រង់ជីវភាពគ្រួសារនិងការចំណាយក្នុងការសិក្សា។ល។

ឯកឧត្តម សូមលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាំងអស់បន្តខិតខំប្រឹងប្រែង ចូលរួមក្នុងការអភិវឌ្ឍធនធានមនុស្ស ពិសេសគឺត្រូវពង្រឹងមូលដ្ឋានគ្រឹះចំណេះដឹងចាប់ពីវ័យក្មេង ដោយ អំពាវនាវ ឱ្យមាតាបិតា អាណាព្យាបាលចូលរួមជំរុញកូនៗ ឱ្យរៀនភាសាខ្មែរឱ្យចេះច្បាស់ និងអាន សៀវភៅឱ្យបានច្រើន ដោយរំលេចថាការអានសៀវភៅ នាំឱ្យកាត់បន្ថយការកាន់ទូរសព្ទ ឬគ្រឿងអេ ឡិចត្រូនិកនានា ហើយការអានសៀវភៅនាំឱ្យកើនចំណេះ និងផ្តោតអារម្មណ៍បានល្អ។

ម៉្យាងទៀត សូមឱ្យមាតាបិតា អាណាព្យាបាលទូន្មានព្រានប្រដៅដល់កូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន ពីព្រោះ គ្រឿងញៀនអាចបំផ្លាញខ្លួនឯង បំផ្លាញគ្រួសារ និងបំផ្លាញសង្គមជាតិទាំងមូលផងដែរ។

គូសបញ្ជាក់ផងដែរ លទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ ក្នុងខេត្តកំពង់ឆ្នាំង មានបេក្ខជនមកប្រឡងចំនួន ៤ ៦៦៣នាក់ ស្រី ២ ៧៤៦នាក់ ។ បេក្ខជនប្រឡងជាប់មានចំនួន ៣ ៧៨០នាក់ ស្រី ២ ៣៥៤នាក់ ស្មើនឹង ៨១,០៦% ស្រី ៨៥,៧២%  សិស្សប្រលងជាប់ និទ្ទេស A ចំនួន៤៥ នាក់ / សិស្សប្រលងជាប់ និទ្ទេស B ចំនួន២៥១ នាក់ / សិស្សប្រលងជាប់ និទ្ទេស C ចំនួន៧៨៣ នាក់ / សិស្សប្រលងជាប់ និទ្ទេស D ចំនួន១ ៤៦៨ នាក់ / និងសិស្សប្រលងជាប់ និទ្ទេស E ចំនួន១ ២៣៤ នាក់ ៕

error: Content is protected !!