ជីកអាចម៍ដីលក់រាប់ឆ្នាំរណ្ដៅស្ទើរដល់ក្បាលប្រេតទំហំ ៥ហិចតា ម្ចាស់កម្មសិទ្ធិដីថាគ្រាន់តែស្ដារបាត់ស្រះ!!!

 

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋអោយដឹងថា នៅចំណុចខាងលិចភ្នំខ្លា ស្ថិតក្នុងភូមិទឹកល្អក់ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានគ្រឿងចក្រ ជាច្រើនគ្រឿង កំពុងធ្វើសកម្មភាព កាយ និងដឹកអាចមន៍ដី យ៉ាងគគ្រឹកគគ្រេង សង្ស័យពុំទាន់មានច្បាប់អនុញ្ញាតនោះទេ ។

តាមការអះអាងទីតាំង រណ្តៅដីខាងលើ ត្រូវគេស្គាល់ថា ជាកម្មសិទ្ធិរបស់លោក ពាញ គាលី កន្លងមកបានធ្វើសកម្មភាពជាច្រើនលើកច្រើនសារ ប៉ុន្តែបានផ្អាកសកម្មភាពមួយរយៈ ដោយបន្សល់ទុក នូវ រណ្តៅដីខ្នាតយក្ស និង មានជម្រៅជ្រៅ ក្នុងទំហំជាច្រើនហិកតា ប៉ុន្តែគេសង្កេតឃើញថា ៤-៥ ថ្ងៃនេះ មានសកម្មភាពជាថ្មី ដឹកដោយរថយន្តធុនធំ បង្កឱ្យខូចខាតបាត់ស្រុតបំផ្លាញផ្លូវ ក្នុងនោះប្រជាពលរដ្ឋបានយក បង្គោលរបង និង បន្លា ស្រះបិទផ្លូវឆ្លងកាត់ចូលភូមិរបស់ពួកគាត់ផងដែរ។

ការដ្ឋានរណ្ដៅដីយក្សមួយកន្លែងខាងលើកំពុងតែមមាញឹកយ៉ាងខ្លាំងចំពោះសកម្មភាពកាប់គាស់កាយយកអាចម៍ដី ដោយគ្មាន អាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធណា ចេញមុខចុះមកពិនិត្យសោះឡើយពាក់ព័ន្ធករណីនេះ លោក ពាញ គាលី ម្ចាស់រណ្តៅដីខាងលើបានអះអាងថា គឺគាត់សុំច្បាប់ទៅភូមិ / ឃុំ /ស្រុក ស្តារបាតស្រះ បានទឹកប្រើប្រាស់ លើចំការប៉ុណ្ណោះ ប៉ុន្តែ លោក ផុន សីហា អភិបាលរងស្រុករលាប្អៀរ អោយដឹងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នេះថា លោកពុំទាន់ទទួលបានព័ត៌មាននេះនោះទេ ។

ដោយឡែក លោក យ៉ង់ ភារម្យ អភិបាលរងខេត្តកំពង់ឆ្នាំង ទទួលបន្ទុក បានបញ្ជាក់ថា ចំពោះចំណុចទីតាំងរណ្តៅដីនោះជាដីឯកជន របស់លោក គាលី គឺអោយផ្អាកសកម្មភាពចង់១ឆ្នាំហើយ និងបានណែនាំអោយមកធ្វើឯកសារ នៅខេត្ត ប៉ុន្តែបើសិនជាគាត់ មិនបានមកធ្វើច្បាប់តាមការណែនាំទេ លោកក៏ពុំដឹងដែរ ជុំវិញទៅនឹងច្បាប់អនុញ្ញាត អាជីវកម្មជីក រណ្ដៅដី ខ្នាតយក្សមួយកន្លែងនេះ ប្រជាពលរដ្ឋបានខ្សឹបខ្សៀវគ្នាថា គឺពុំមានច្បាប់ត្រឹមត្រូវនោះទេ ពោលគឺរណ្ដៅដីបែបនេះមិនអាចស្នើសុំត្រឹមភូមិឃុំស្រុកបានឡើយ។

ទោះជាយ៉ាងណាពលរដ្ឋស្នើដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រសួងឩស្សាហកម្មរ៉ែ និងថាមពល សូមជួយដឹកនាំកម្លាំងជំនាញចុះពិនិត្យមើលការដ្ឋានរណ្ដៅដីយក្ស ខាងលើ ដើម្បីអោយច្បាស់ថា បានអនុវត្ត ស្របតាមលក្ខណៈបច្ចេកទេស និងបានបង់សួយសារជូនរដ្ឋដែរឬ យ៉ាងណា? ជៀសវាងមហាជនយល់ច្រឡំថា មានការបើកភ្លើងខៀវពីអាជ្ញាធរ ដូចគេពាក្យពោលថា “ខ្មោចស្រុកមិនអោយដៃ ខ្មោចព្រៃមិនហ៊ានចូល” ៕

error: Content is protected !!