សមត្ថកិច្ចឃាត់ខ្លួនមនុស្ស២នាក់ និងត្រាក់ទ័រ២គ្រឿង ពាក់ព័ន្ធករណីឈូសឆាយដីព្រៃតំបន់៣នៅស្រុកកំពង់លែង

 

ខេត្តកំពង់ឆ្នាំង ៖ ក្រោមគេចអន្តរាគមន៍របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងនិងការសម្របសម្រួលពីឯកឧត្តមអាយស៊ុន រស្មីព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំងសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបនិងឃាត់ខ្លួនបានមនុស្សចំនួន២នាក់ និងត្រាក់ទ័រ២គ្រឿង ដែលធ្វើសកម្មភាពឈូសឆាយ ដីព្រៃតំបន់៣ ដែលជាព្រៃហាមឃាត់របស់រដ្ឋ ករណីឃាត់នេះនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រង់ចំណុចតាតុន ស្ថិតក្នុងភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

មត្ថកិច្ចអោយដឹងថា ជនសង្ស័យទី១-ឈ្មោះ យ៉ន ចិន្តា ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិប៉ប៉្រក ឃុំសំរោងសែន ស្រុកកំពង់លែង ជាម្ចាស់ដី / និងទី២-ឈ្មោះ ហូត ហ៊ីម  ភេទប្រុស អាយុ៤៥ឆ្មាំ រស់នៅភូមិ ជ្រលង ឃុំដារ ស្រុកកំពង់លែង ជាមេការត្រាក់ទ័រ ចំពោះវត្ថុតាងត្រាក់ទ័រ ចំនួន២គ្រឿង ម៉ាកគូបូតា កម្លាំង៦០៤០សេស ពណ៌ក្រហម ។

 

នៅថ្ងែទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចាត់អោយលោកស្រី ស្រ៊ឹម សៀងភាជ ព្រះរាជអាជ្ញារង និងលោក យូ ស៊ីរ៉ាដែត ក្រឡាបញ្ជី សហការជាមួយលោកយ៉ែម លក្ខិណាអភិបាលស្រុកព្រមទាំងកម្លាំងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យម្តងទៀតនៅកន្លែងត្រាក់ទ័រ ធ្វើសកម្មភាពឈូសឆាយប៉ះពាល់ដល់ដី និងព្រៃតំបន់៣ ។

ដោយឡែកប្រភពពីប្រជាពលរដ្ឋអះអាងថា គឺត្រាក់ទ័រមានចំនួន៤គ្រឿង ចូលទៅឈូសឆាយដី និងព្រៃតំបន់៣ កក្រើកទឹក កក្រើកដី នៅចំណុចស្ពានកោះបូ ស្ថិតក្នុងភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង បែជាអាជ្ញាធរចាប់ពីថ្នាក់ភូមិ/ឃុំ/ស្រុក គ្មានអ្នកដឹងទៅវិញ នេះទើបជារឿងចម្លែក ហើយនៅពេលចាប់បានឃើញតែ២គ្រឿង ខណៈយកចូលទៅមានដល់៤គ្រឿង តើដីព្រៃតំបន់៣ អាចថែរក្សាបានទេ បើមានអ្នកព្យាយាមបំផ្លាញគ្រប់កន្លែងបែបនេះ។ និងដាក់ការសង្ស័យថាជាការបើកភ្លើងខៀវពីអាជ្ញាធរមូលដ្ឋាន និងបុគ្គលជំនាញពាក់ព័ន្ធមួយចំនួន ទើបត្រាក់ទ័រទាំងនោះអាចដំណើការបានយ៉ាងរលូន អ្វីដែលកាន់តែហួសចិត្តគឺទំហំនៃការឈូសឆាយរំលោភ ចូលដីព្រៃតំបន់៣ អស់រាប់ហិកតា បែជារបាយការណ៍ស្រុកបញ្ជាក់ថា ផ្ទៃដីខាងលើជាផ្ទៃដី ធ្លាប់អាស្រ័យផល ហើយបាន ភ្ជួរនឹងឈូសពង្រាប អស់ទំហំប្រហែល ១ ហិកតា ទៅវិញ។

ក្នុងករណីនេះ ប្រជាពលរដ្ឋសំណូមពរសូមអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ជាពិសេសថ្នាក់ក្រសួងសូមចាត់ក្រុមការងារចុះអធិការកិច្ចស្រាវជ្រាវពាក់ព័ន្ធទំហំដីព្រៃតំបន់៣ ក្នុងភូមិសាស្ត្រស្រុកកំពង់លែងដែលរងការទន្ទ្រាន ជាពិសេសចំណាត់ការផ្លូវច្បាប់ទៅលើជនប្រព្រឹត្ត និងអ្នកនៅពីក្រោយអោយមានតម្លាភាព និងប្រសិទ្ធិភាព ព្រោះការបំផ្លាញដី និងព្រៃតំបន់៣ ជាការប្រឆាំងនិងល្មើសពីការណែនាំរបស់រាជរដ្ឋាភិបាលដែលបានប្ដេជ្ញាខ្ពស់របស់ ត្រូវតែអនុវត្តច្បាប់ជាដាច់ខាត ចំពោះជនណានៅពីក្រោយសកម្មភាពឈូសឆាយដីតំបន់៣នេះ ៕

error: Content is protected !!