ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២៣ខែមេសាឆ្នាំ២០២៦នេះអាជ្ញាធរ ក្រុងកំពង់ឆ្នាំងបានចុះណែនាំនិងចាត់វិធានការក្តៅជាថ្មី ចំពោះអាជីវករដែលលក់ដូរ អាណាធិប្បតេយ្យនៅលើ ផ្លូវសាធារណៈរបស់រដ្ឋ ក្រោយពីបានធ្វើការណែនាំជាច្រើនលើក ច្រើនសា កិច្ចការងារនេះនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ដឹកនាំកម្លាំងដោយលោក ទូច លីហួត អភិបាលរងក្រុងកំពង់ឆ្នាំង សហការជាមួយកម្លាំងស្នងការខេត្ត ចុះអនុវត្តនៅក្នុងផ្សារលើ ចំណុចផ្លូវបំបែកក្រោយផ្សារលើភូមិត្រពាំងបី និងចំណុចលក់ដូរនៅមុខផ្សារឆ្នាំង ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង ។

លោក ទូច លីហួត អភិបាលរងក្រុងកំពង់ឆ្នាំងបញ្ជាក់ថា កិច្ចការងារនេះមិនមែនជាលើកទីមួយនោះទេ កន្លងមកអាជ្ញាធរក្រុងបានហាមឃាត់ និងមានវិធានការរួចហើយដែរ ប៉ុន្តែក្រុមអាជីវករមួយចំនួនហាក់មិនចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរនោះទេ ទើបថ្ងៃនេះយើងចាត់វិធានការក្តៅយ៉ាងតឹងរ៉ឹងចំពោះតូបលក់ដូរ និងសំណង់ផ្សេងៗដែលរំលោភយកចំណីផ្លូវសាធារណៈ ដើម្បីរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន និងកាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងសកម្មភាពនេះអាជ្ញាធរចុះរុះរើតូបលក់ដូរដែលរំលោភលើចិញ្ចើមផ្លូវ ជាពិសេសនៅតំបន់ទីប្រជុំជន ករណីខ្លះមានការរឹបអូសសម្ភារលក់ដូរ និងទំនិញយកទៅរក្សាទុកបន្ទាប់ពីមានការណែនាំជាច្រើនលើកមិនព្រមអនុវត្តតាម។

គួរបញ្ជាក់ថាអាជ្ញាធរតែងតែជូនដំណឹងជាមុនឱ្យរុះរើដោយខ្លួនឯង មុននឹងឈានដល់ការប្រើវិធានការក្តៅ (ចុះរុះរើ)។ ការដាក់លក់ទំនិញលើផ្លូវធ្វើឱ្យបាត់បង់សោភ័ណភាពក្រុង និងបង្កការស្ទះចរាចរណ៍។ អាជ្ញាធរព្រមានដល់អ្នកដែលយករំលោភចំណីផ្លូវទៅជួលឱ្យអ្នកដទៃលក់ដូរ។ អាជ្ញាធរនឹងបន្តអនុវត្តវិធានការនេះជាបន្តបន្ទាប់ ដើម្បីធានាបាននូវគន្លងផ្លូវថ្មើរជើង និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ៕

