សហគ្រាសធ្វើផ្លូវឈ្មោះប៉ូចក្វាត់នៅតែបន្ត អនុវត្តគម្រោងខុសបទដ្ឋានបច្ចេកទេសជាញឹកញាប់ ក្នុងស្រុកកំពង់ត្រឡាច

 

ខេត្តកំពង់ឆ្នាំង ៖ សហគ្រាសឈ្មោះប៉ូចក្វាត់នៅតែបន្ត អនុវត្តគម្រោងធ្វើផ្លូវមូនិធិឃុំសង្កាត់ឆ្នាំ២០២៥ នៅចំណុចភូមិព្រែកគន្លង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ខុសបទដ្ឋានបច្ចេកទេសម្តងហើយ ម្តងទៀត។

ក្នុងរបាយការណ៍របស់អាជ្ញាធរឃុំកំពង់ត្រឡាចអះអាងថា ក្រោយពីបានចុះពិនិត្យនិងវាយតម្លៃ កំហាប់ផ្លូវ នៅចំណុចទីតាំងខាងលើ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដែលមានការចូលរួមដោយមន្ត្រីបច្ចេកទេសខេត្ត/ ស្រុក ក្នុងនោះមានប្រជាពលរដ្ឋចំនួន១៧នាក់ បានសម្តែងការពេញចិត្តជាខ្លាំងក្នុងការអនុវត្តផ្លូវ១ខ្សែនេះ ពិសេសគឺគ្រួសក្រហមខាងសហគ្រាសបានដឹកពីរណ្ដៅដីចាស់ចម្ងាយ ៣០គីឡូម៉ែត្រ ហើយឆ្លងទន្លេមកដល់ការដ្ឋាន ដើម្បីចាក់កៀកិនកំហាប់ផ្លូវបានល្អ ក្នុងចំណោមនោះមានប្រជាពលរដ្ឋម្នាក់លើកឡើងពីបញ្ហាផ្លូវមិនត្រង់ល្អ ។

ទាំងនេះគឺជាការអះអាងរបស់អាជ្ញាធរឃុំ ដោយឡែកលោកហង្សពិសី នាយកទីចាត់ផែនការនិងវិនិយោគខេត្តកំពង់ឆ្នាំងបញ្ជាក់ អោយអង្គភាពយើងដឹងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះថា សម្រាប់ផ្លូវប្រវែង៣០០០ម៉ែត្រដែលសហគ្រាសម៉ៅការប៉ូចក្វាត់ អនុវត្តគម្រោងស្ថិតក្នុងភូមិព្រែកគន្លង ឃុំកំពង់ត្រឡាច គឺលោកមិនទាន់ទទួលយកនោះទេទៅលើផ្លូវប្រវែង២០០០ម៉ែត្រ ហើយក៏មិនអោយក្រុមការងារបច្ចេកទេសចេញរបាយការណ៍ដែរ ព្រោះថាដីដែលសហគ្រាសយកមកចាក់នោះគឺគ្រួសស្អុយមកដាក់ ហើយយកដីគ្រួសក្រហមដែលល្អមកចាក់លាបៗពីលើ លាយជាមួយគ្នាអោយតែបានកម្រាស់ ១តឹកកន្លះ ចំណុចនេះហើយលោកពិនិត្យឃើញថា មិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ ប៉ុន្តែប្រជាពលរដ្ឋគាត់មិនដឹងពួកគាត់ចេះតែទទួលយក បានន័យថា បើក្នុងកិច្ចសន្យាដាក់ក្រួសក្រហមគឺត្រូវតែប្រើក្រួសក្រហមតាមស្តង់ដារបច្ចេកទេស មិនអាចយកក្រួសធម្មជាតិមកប្រើជំនួសបាននោះទេ។

លោកបញ្ជាក់បន្ថែមទៀតថា សហគ្រាសនោះមិនបានអនុវត្តតាមការណែនាំទេ គឺយកក្រួសស្អុយៗនៅក្បែរនោះមកដាក់ មិនមែនយកក្រួសតាមដែលក្រុមការងារណែនាំអោយយកពីរណ្តៅទីតាំងដែលប្រាប់នោះទេ ដល់ពេលក្រុមការងារបច្ចេកទេសមិនព្រមទទួលយក បែជាទៅយកក្រួសល្អ មកលាបៗពីលើ ដើម្បីបំភាន់ភ្នែកប្រជាពលរដ្ឋ។

ការអនុវត្តគម្រោងខុសបទដ្ឋានបច្ចេកទេសជាញឺកញាប់ ដដែលៗ របស់សហគ្រាសប៉ូចក្វាត់ បានឆ្លុះបញ្ចាំងអោយឃើញ ពីភាពមិនប្រក្រតីរវាងសហគ្រាសម៉ៅការ និងអាជ្ញាធរលទ្ធកម្មឃុំ ។ កន្លងមកឯកឩត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានចាត់វិធានការចំពោះមន្ត្រីពុករលួយក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ – ជាពិសេសក្រុមហ៊ុនម៉ៅការធ្វើផ្លូវដែលអនុវត្តខុសលក្ខខណ្ឌបច្ចេកទេស ឬកិច្ចសន្យាគម្រោងមូលនិធិឃុំ-សង្កាត់ ត្រូវបានរដ្ឋបាលថ្នាក់ក្រោមជាតិចាត់វិធានការរដ្ឋបាល ដោយព្រមានដកហូត ឬលុបកិច្ចសន្យា និងទាមទារសំណងការខូចខាត ព្រមទាំងដាក់ឈ្មោះក្នុងបញ្ជីខ្មៅដេញថ្លៃគម្រោងរដ្ឋបន្តទៀត ៕

 

error: Content is protected !!