ខេត្តកំពង់ឆ្នាំង ៖ កម្លាំងមន្ទីរសារធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ឈួរ ចាន់រិទ្ធី អនុប្រធានមន្ទីរ សហការជាមួយអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ក្នុងស្រុកកំពង់ត្រឡាច បានចំណាត់ការចុះរុះរើ ដុំចាក់សាប,បេតុងអាណាធិប្បតេយ្យនៅតាមដងផ្លូវជាតិ កិច្ចការងារនេះនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ នៅលើតាមផ្លូវជាតិ៥ ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់ត្រឡាច ខេត្តកំំពង់ឆ្នាំង ។

លោក ឆាយ លាភា ប្រធានមន្ទីសាធារណៈការខេត្តកំពង់ឆ្នាំង អោយដឹងថា កិច្ចការងារនេះក្នុងគោលបំណងដើម្បីរៀបចំសណ្តាប់ធ្នាប់តាមបណ្តយផ្លូវជាតិលេខ ៥ អោយមានសោភ័ណភាពស្រស់ស្អាត ។ ចំពោះការចាក់កំណាត់បេតុង ឬចាក់សាបនៅលើដងផ្លូវ គឺវាខុសទៅនឹងលក្ខណៈបច្ចេកទេស ធ្វើអោយមានការកកស្ទះដី និងចរន្តទឹកហូរ ជាសេសអាចបង្កអោយមានការគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ។

លោកឆាយ លាភា ក្នុងនាមមន្ទីសាធារណៈការខេត្តកំពង់ឆ្នាំង សូមអំពាវនាវសូមឱ្យប្រជាពលរដ្ឋសូមឱ្យគាត់ បញ្ឈប់ និងកុំឱ្យមានការចាក់បេតុងនៅតាមដងផ្លូវបន្តទៀតគឺវាមិនត្រឹមត្រូវនោះទេ និងសូមចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ។ ព្រោះថា ការចាក់សាប ឬចាក់បេតុងលើទ្រូងផ្លូវជាតិ និងចិញ្ចើមផ្លូវដោយខុសច្បាប់ គឺជាអំពើហាមឃាត់ ព្រោះវាបំពានលើដីចំណីផ្លូវ បង្កការកកស្ទះចរាចរណ៍ ងាយបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ និងធ្វើឱ្យខូចខាតសោភ័ណភាព ឬទ្រុឌទ្រោមផ្លូវសាធារណៈ ។
អាជ្ញាធរ និងក្រសួងសាធារណការតែងតែអំពាវនាវ និងចាត់វិធានការរឹតបន្តឹង ដោយសារបញ្ហានេះបង្កផលប៉ះពាល់ធ្ងន់ធ្ងរដូចជា ៖ ការរំលោភយកដីចំណីផ្លូវធ្វើជាទីតាំងចាក់សាប ឬដាក់សម្ភារៈផ្សេងៗកាត់បន្ថយទំហំផ្លូវ និងបង្កហានិភ័យខ្ពស់ក្នុងការគ្រោះថ្នាក់ ជាពិសេសនៅពេលយប់ ។ ការសាងសង់ ឬចាក់បេតុងមិនស្របតាមស្តង់ដារបច្ចេកទេស ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធទឹក និងអាយុកាលរបស់ផ្លូវជាតិ ម៉្យាងទៀត វាជាការរំលោភបំពានលើច្បាប់ស្ដីពីផ្លូវថ្នល់ ដែលតម្រូវឱ្យមានការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមុននឹងធ្វើសកម្មភាពណាមួយនៅលើទ្រូងផ្លូវ ឬដីចំណីផ្លូវ៕

