រមណីយដ្ឋានទេសចរធម្មជាតិទឹកធ្លាក់ស្រែអំពិលកំពុងទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្តជាច្រើនមិនចាញ់តំបន់ទេសចរណ៍ដទៃទៀតនោះឡើយ។

 

ខេត្តកំពង់ឆ្នាំង៖ សម្រស់សហគមន៍ទេសចរណ៍ទឹកធ្លាក់ធម្មជាតិស្រែអំពិល កំពុងទាក់ទាញភ្ញៀវទេសចរណ៍ទៅលេងកម្សាន្តជាច្រើនមិនចេះដាច់ ខណៈតំបន់នេះសំបូរទៅដោយសក្តានុពលធម្មជាតិ មានព្រៃព្រឹក្សាខៀវស្រង៉ាត់និងទឹកធ្លាក់ ត្រជាក់ល្ហឹមដែលភ្ញៀវអាច ចុះងូតលេងកម្សាន្តយ៉ាងសប្បាយរីករាយ សហគមន៍ទេសចរណ៍ស្ថិតក្នុងឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

លោកសេងសាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានប្រាប់អង្គភាពយើងឲ្យដឹងថារមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់ស្រែអំពិលមានភ្ញៀវទេសចរណ៍មកលេងកើនឡើងជារៀងរាល់ថ្ងៃមិនដែលដាច់ដោយសារមានសម្រស់ទឹកធ្លាក់យ៉ាងស្រស់ស្អាត មានខ្យល់ឱកាសបរិសុទ្ធនឹងអាចគយគុណទេសភាពធម្មជាតិថែមទៀតផង។

លោកបានបន្តថា សក្តានុពលទេសចរណ៍សំខាន់ៗនៅក្នុងរមណីយដ្ឋាន ធម្មជាតិទឹកធ្លាក់ស្រែអំពិល រួមមាន ដូចជាការបោះតង់នៅក្នុងតំបន់ធម្មជាតិព្រៃព្រឹក្សាទស្សនាទេសភាពព្រៃភ្នំ ស្តាប់សំឡេងវាយោ សំឡេងបក្សាបក្សី ទេសភាពពណ៌ខៀវខ្ចី លេងទឹកឬហែលទឹក ដើរលេងដោយថ្មើរជើងតាមតំបន់ធម្មជាតិភ្នំស្រូបយកខ្យល់ឱកាសបរិសុទ្ធឬគយគុណថ្ងៃរះរហូតដល់ព្រះអាទិត្យអស្ដង្គតជាមួយធម្មជាតិដ៏ធំសំបូរបែបនៅតំបន់នេះផងដែ។

ជាមួយគ្នានេះលោកប្រធានទេសចរណ៍ខេត្តកំពង់ឆ្នាំងសូមអំពាវនាវ ការធ្វើដំណើររបស់ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិអន្តរជាតិសូមធ្វើដំណើរដោយគោរពច្បាប់ចរាចរណ៍និងការយោគយល់គ្នាដើម្បីសុខសុវត្ថិភាពជាចម្បង  ភ្ញៀវដែលទៅកំសាន្តនៅរមណីយដ្ឋានទឹកធ្លាក់ស្រែអំពិលសូមមេត្តារក្សានូវសណ្តាប់ធ្នាប់ អនាម័យបរិស្ថានអោយនបានស្អាតជាប្រចាំដោយកុំចោលសំរាម ពាសវាលពាសកាល។

ត្រូវទុកដាក់សម្រាមនៅក្នុងធុងសំរាមដែលគណៈកម្មការបានរៀបចំជូនជាស្រេចជាពិសេសអ្នកលក់ដូរម្ហូបអាហារនៅក្នុងសហគមន៍ ត្រូវរក្សាអនាម័យអោយបានត្រឹមត្រូវ ហើយត្រូវលក់ដូរក្នុងតម្លៃសមរម្យកុំលក់ដំឡើងថ្លៃហួសហេតុនាំឱ្យជះឥទ្ធិពលមិនល្អនិងត្រូវបម្រើសេវាភ្ញៀវឲ្យបានរហ័សទាន់ចិត្តប្រកបដោយភាពរួសរាយរាក់ទាក់៕