អាជ្ញាធរ បញ្ជាក់ជូនលំអិត ក្រោយមានការរិះគន់ ថាពុំបានយកចិត្តទុកដាក់លើការខូចខាតផ្លូវ ២ខ្សែ នៅក្នុងស្រុកសាមគ្គីមានជ័យ

 

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាលស្រុកសាមគ្គីមានជ័យ សូមធ្វើការបំភ្លឺព័ត៌មានជូនសាធារណជន បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងស្រុក និងឆ្លើយតបចំពោះម្ចាស់គណនីហ្វេសប៊ុកសារព័ត៌មាន មានឈ្មោះ VOK TV online ដែលបានសរសេរ បង្ហោះក្នុងបណ្តាញសង្គម នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ លើខ្សែផ្លូវលេខ១៣៨ ពីផ្លូវជាតិលេខ៥ ផ្សារសាលា លេខ៥ តភ្ជាប់មកឃុំក្រាំងល្វា និងនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ លើផ្លូវលេខ១៣៧ ពីផ្សារត្រាច តភ្ជាប់ទៅ ភ្នំព្រះធាតុ ថា “លោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ ពុំបានយកចិត្តទុកដាក់លើការខូចខាតផ្លូវ ទាំង ២ខ្សែនេះទេ ខូចខាតស្ទើរទាំងស្រុង” ។

ក្រោយពីទទួលជ្រាបពីព័ត៌មាននេះ រដ្ឋបាលស្រុកសាមគ្គីមានជ័យ សូមធ្វើការបំភ្លឺជូនដូចខាងក្រោម៖
១.ផ្លូវកៅស៊ូលេខ១៣៨ ជាគម្រោងកែលម្អផ្លូវជនបទជំហានទី២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែល បានតភ្ជាប់ពីផ្លូវរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន ភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាច តភ្ជាប់មកឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ដែលបានកសាងឡើងក្នុងឆ្នាំ២០១៨ ចំពោះការខូចខាតផ្លូវ១ខ្សែនេះ ដោយសារការប្រើ ប្រាស់រយៈពេលយូរ ការប្រើប្រាស់រថយន្តដឹកជញ្ជូនមួយចំនួនមិនបានត្រឹមត្រូវតាមបច្ចេកទេសសមស្របនឹង ស្ថានភាពផ្លូវ និងច្បាប់សាធារណៈការនិងដឹកជញ្ជូន ធ្វើឱ្យមានជង្ហុក ដក់ទឹក និងការហូរទឹកចោះលើផ្លូវ។

ជាមួយគ្នានេះ នាពេលកន្លងទៅ រដ្ឋបាលស្រុក បានធ្វើការស្នើសុំកិច្ចសហការពីក្រុមហ៊ុន គឺ តុងប្រា ការដ្ឋានវាយ កំទេចថ្មភ្នំគ្រិច ធ្វើការជួសជុលផ្លូវ១ខ្សែនេះជាបណ្តោះអាសន្ន ចាប់ពីឃុំក្រាំងល្វា រហូតដល់ឃុំធ្លកវៀន បានចំនួន ៣លើករួចមកហើយ។ ថ្មីៗនេះ លោកអភិបាលស្រុក បានស្នើសុំក្រុមហ៊ុន គឺ តុងប្រា ការដ្ឋានវាយ កំទេចថ្មភ្នំគ្រិច ជួយជួសជុលបន្ថែមទៀតតែដោយសារគ្រឿងចក្រខូចធ្វើការ ជួសជុលបានត្រឹមតែឃុំក្រាំងល្វា។ រដ្ឋបាលឃុំធ្លកវៀន រដ្ឋបាលឃុំក្រាំងល្វា និងរដ្ឋបាលស្រុក បានដាក់សំណើសុំជួសជុលផ្លូវកៅស៊ូ១ខ្សែនេះ តាមរយៈលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងឯកឧត្តមអភិបាលខេត្ត ទៅក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បី ពិនិត្យលទ្ធភាពធ្វើការជួសជុលផ្លូវកៅស៊ូ ១ខ្សែនេះឡើងវិញផងដែរ។

២.ផ្លូវកៅស៊ូលេខ១៣៧ ជាគម្រោងកែលម្អផ្លូវជនបទជំហានទី១ ដែលបានកសាងឡើងក្នុងឆ្នាំ២០១៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ចាប់ពីផ្លូវជាតិលេខ៥ ពីចំណុចផ្សារត្រាច តភ្ជាប់ទៅភ្នំព្រះធាតុ ចំពោះការខូចខាត ផ្លូវ១ខ្សែនេះ បណ្តាលមកពីការប្រើប្រាស់រថយន្តដឹកជញ្ជូនមួយចំនួនមិនបានត្រឹមត្រូវតាមបច្ចេកទេសសមស្រប នឹងស្ថានភាពផ្លូវ និងច្បាប់សាធារណៈការនិងដឹកជញ្ជូន។

ចំពោះផ្លូវ ១ខ្សែនេះ ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំស្វាយជុក នាពេលកន្លងមកក៏មានការជួសជុលបំពេញគ្រួសក្រហមជាបណ្តោះអាសន្នផងដែរ ដោយមានការ កៀរគរថវិកាពីសប្បុរសជន លោកអភិបាលស្រុក លោកស្រីមេឃុំស្វាយជុក ព្រះសង្ឃ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងការឧបត្ថម្ភគាំទ្រគ្រឿងចក្រពីក្រសួងអភិវឌ្ឍន៍ជនបទ ប៉ុន្តែដោយសាររដូវនេះជារដូវវស្សាបានធ្វើឱ្យមានការ ហូរព្រោះមានជង្ហុក ដក់ទឹក និងខូចខាតផ្លូវបន្ថែមទៀត។

ផ្លូវកៅស៊ូ ១ខ្សែនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអាជ្ញាធរស្រុក បានចុះសិក្សានិងដាក់ជាគម្រោងអាទិភាពធ្វើការជួសជុលជាជំហានៗក្នុងឆ្នាំ២០២៤ ដោយបច្ចុប្បន្ន ក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការជួសជុលបានប្រវែង ៨គីឡូម៉ែត្រ ចាប់ពីផ្សារត្រាច ដល់ភូមិខាងជើង ឃុំស្វាយ និងបន្តការជួសជុលបន្តទៅមុខទៀតតាមផែនការ ដែលបានគ្រោងទុក។

សូមបញ្ជាក់ផងដែរថា ចំពោះការជួសជុលផ្លូវកៅស៊ូទាំង២ខ្សែនេះ រដ្ឋបាលស្រុក ពុំអាចមានលទ្ធភាពធ្វើ ការជួសជុលបានទេ ដោយផ្លូវកៅស៊ូទាំង២ខ្សែនេះ ជាសមត្ថកិច្ចរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។ អាស្រ័យហេតុដូចបានបំភ្លឺជូនខាងលើ សូមសារធារណជន បងប្អូនប្រជាពលរដ្ឋ និងម្ចាស់គណនី VOK TV online ក៏ដូចជាសាធារណៈជន មេត្តាទទួលជ្រាបជាព័ត៌មាន។

error: Content is protected !!