ខេត្តកំពង់ឆ្នាំង ៖ ក្នុងកម្លុងរដូវផលត្រីកំពុងត្រូវ បទល្មើសនេសាទក៏បន្តកើតមានដូចផ្សិត នៅក្នុងដែននេសាទនៃស្រុកកំពង់ត្រឡាច ទោះបីមានការបង្ក្រាបយ៉ាងសកម្មពីកម្លាំងសត្ថកិច្ចចម្រុះ យ៉ាងណាក្តី បានន័យថា កាប់ខាងមុខ លូតលាស់ខាងក្រោយ ។



ជាក់ស្តែងនៅថ្ងៃម្សិលមិញបន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ថាមានបទល្មើសនេសាទរបាំងកាត់ព្រែក នៅចំណុចព្រែកថ្មី ស្ថិតក្នុងភូមិព្រែកគន្លង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លោកងិន ហ៊ុន ប្រធានមន្ទីរ កសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានបញ្ជាអោយមន្ត្រីក្រោមឳវាទ ចុះបង្ក្រាបភ្លាមៗផងដែរ ។

ប៉ុន្តែមានប្រជាពលរដ្ឋនៅទីនោះអះអាងថា ក្រោយពីកម្លាំងសមត្ថកិច្ចចេញទៅអស់ គឺជនប្រព្រឹត្តបទល្មើសនេសាទបានយកឩបករណ៍ មកដាក់វិញដដែល ហាក់មិនញញើតច្បាប់នោះឡើយ ។ លោក ងិន ហ៊ុន បញ្ជាក់ថាបើសិនជាករណីបទល្មើសនេសាទនៅចំណុចដដែលនោះកើតមានឡើងទៀត លោកនឹងចាត់កម្លាំងទៅបង្ក្រាបទៀត ។

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង អោយដឹងថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងខណ្ឌរដ្ឋបាលជលផល បានបែងចែកជា២ក្រុម ចុះប្រតិបត្តិការ បង្ក្រាបទប់ស្កាត់បទល្មើសនេសាទ ដោយមិនដកដៃនោះទេ ក្នុងនោះ ៖ ក្រុមទី១ សហការជាមួយកងកម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងសហគមន៍នេសាទភូមិកោះធំ ដឹកនាំដោយលោក នួន ឬទ្ធី នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ កម្លាំងសរុបចូលរួមសរុប ១១ នាក់ និងប្រើប្រាស់មធ្យោបាយបាឡាស្មាច់ចំនួន ០៤ គ្រឿង បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ដោយប្រទះឃើញឧបករណ៍ នេសាទរបាំងលូស្បៃមុងនៅចំណុច ទន្លេឬស្សីដង្គួច និងចំណុចព្រែកអន្លង់អក ភូមិឬស្សីដង្កួច ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

និងក្រុមទី២៖ សហការជាមួយគណ:បញ្ជាឯកភាពរដ្ឋបាលឃុំកំពង់ត្រឡាច និងសហគមន៍នេសាទភូមិកំពង់ត្រឡាច សហគមន៍នេសាទភូមិព្រែកគន្លង ដឹកនាំដោយលោក សុខ សាមៀន នាយរងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ កម្លាំងចូលរួមសរុប ៨នាក់ និងប្រើប្រាស់មធ្យោបាយបាឡាស្មាច់ចំនួន ០២ គ្រឿង បានចុះត្រួតពិនិត្យបង្រ្កាបបទល្មើសជលផល ប្រទះឃើញឧបករណ៍នេសាទរបាំងស្បៃមុងនៅចំណុចព្រែកថ្មី ភូមិព្រែកគន្លង និងចំណុចព្រែកតារស់ ភូមិកៀនរការ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
បន្ទាប់មកក្រុមការងារបានឯកភាពគ្នារុះរើ និងបំផ្លាញវត្ថុតាងដែលជាឧបករណ៍នេសាទខុសច្បាប់នៅហ្នឹងកន្លែង ជាលទ្ធផល បំផ្លាញចោលរបាំងស្បៃមុងចំនួន០៣ករណី ស្មើនឹង ១៣កន្លែង ប្រវែង ៥២០ម៉ែត្រ លូស្បៃមុងចំនួន ១៣គ្រឿង បង្គោលចំនួន ៣៧០ដើម និងចាក់លែងត្រីចម្រុះចំនួន ៩០គីឡូក្រាម ចូលទៅក្នុងដែននេសាទធម្មជាតិវិញ ៕


