ខេត្តកំពង់ឆ្នាំង ៖ ដោយទទួលបានការណែនាំពីឯកឩត្តម អភិបាលខេត្តកំពង់ឆ្នាំង លោក សាន់ យូ អភិបាលរងខេត្តបានធ្វើការចុះពិនិត្យទៅលើការចាក់ដី ដើម្បីសម្រួលកំណាត់ផ្លូវមួយខ្សែ ដោយសារតែទឹកហូរកាត់ផ្តាច់ ដែលមានប្រវែង ១២០ ម៉ែត្រ ស្ថិតនៅចំណុចភូមិគុយ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
លោក សាន់ យូ បញ្ជាក់អោយដឹងថា ផ្លូវដែលអាជ្ញាធរយើងជួសជុលនាពេលនេះជាប្រភេទផ្លូវក្នុងភូមិ ចុះទៅមាត់ទន្លេ ដែលបានទទួលរងការ ហូរផ្តាច់ដោយជំនន់ទឹកភ្លៀងនាពេលកន្លងទៅ ។ ហើយពេលនេះដោយសារស្ថានភាពទឹកបានស្រក គឺយើងអាចមានលទ្ធភាពអោយរថយន្តអាចបើកចូលចាក់ដីកើត ហើយកំណាត់ផ្លូវខាងលើនេះមានសារៈសំខាន់ក្នុងការឆ្លងកាត់ ទៅមក និងជាពិសេសដឹកកសិផល ពីមាត់កំពង់ទៅលំនៅឋាន និង ដឹកចេញពីលំឋានបន្តឆ្ពោះទៅទីផ្សារផងដែរ ។
បានន័យថា ជាផ្លូវមួយផ្តល់សារៈសំខាន់ទាំងការអាស្រ័យទំនាក់ទំនងពីភូមិមួយ ទៅភូមិមួយទៀត និង ជាផ្លូវសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់នោះផង ។ គួរបញ្ជាក់ផងដែរ ស្រុកកំពង់លែង ទទួលរបបទឹកភ្លៀងច្រើន ធ្វើឱ្យចំណុចមួយចំនួននៅតាមភូមិ-ឃុំ រងការជនលិច តែនាពេលនេះទឹកក៏បានស្រកទៅវិញជាបណ្តើរៗ

អាជ្ញាធរខេត្តកំពង់ឆ្នាំង បានយកចិត្តទុកដាក់ខ្ពស់ និងពន្លឿនការជួសជុល ស្តារឡើងវិញនូវផ្លូវដែលទទួលរងការខូចខាត ដើម្បីសម្រួលឱ្យពលរដ្ឋអាចធ្វើចរាចរណ៍ទៅមកបាន។ ដោយផ្តោតឃើញថា បើមិនឆាប់ដោះស្រាយនោះទេ ធ្វើអោយប្រជាពលរដ្ឋមានផលលំបាកខ្លាំងក្នុងការរស់នៅប្រាស្រ័យទាក់ទងគ្នា ជាពិសេសប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ៕


