ខេត្តកំពង់ឆ្នាំង ៖ លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការបញ្ជូនសំណុំឯកសារចុះបញ្ជីប្តូរ ទុតិយតា តតិយបណ្ណ និងស្លាកលេខសំគាល់យានជំនិះ (ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងរ៉ឺម៉កទោច្រកយានយន្ត) មករក្សាទុកនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង។

ដោយមានការអញ្ជើញចូលរួមពីប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ប្រធាន អនុប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត អភិបាលរងក្រុង ស្រុក ប្រធានការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក និងមន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត។

លោកហ៊ូ ប៊ុនថន ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត បានផ្សព្វផ្សាយអំពីបែបបទ នីតិវិធីជុំវិញការផ្ដល់សេវារដ្ឋបាល និងជំរុញឱ្យរដ្ឋបាលក្រុង ស្រុក ដែលមានការិយាល័យច្រកចេញតែមួយក្រុង ស្រុកជាសេនាធិការ សូមបន្តផ្សព្វផ្សាយ និងអនុវត្តឱ្យបានត្រឹមត្រូវតាមកម្រិត និងប្រភេទសេវាផ្អែកតាមលិខិតបទដ្ឋានគតិយុត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោកឈឹម វុទ្ធា អភិបាលរងខេត្ត បានវាយកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងបំពេញការងាររបស់ខ្លួនបានល្អ និងបានជំរុញឱ្យរដ្ឋបាលក្រុង ស្រុក បន្តផ្សព្វផ្សាយអំពីយន្តការច្រកចូលតែមួយឱ្យទូលំទូលាយបន្ថែមទៀត ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ សេវាករ ម្ចាស់សហគ្រាសចូលរួមបំពេញកាតព្វកិច្ចស្នើសុំសេវាលិខិតអនុញ្ញាតអាជីកម្ម អាជ្ញាប័ណ្ណឱ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំជាធរមាន។

លោកអភិបាលរងខេត្ត ក៏បានជំរុញឱ្យមន្ត្រីជំនាញអ្នកអនុវត្តផ្ទាល់ (មន្ត្រីផ្នែកជួរមុខ) ត្រូវប្រកាន់ភ្ជាប់នូវអាកប្បកិរិយាល្អរួសរាយរាក់ទាក់ ក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋដើម្បីឱ្យពួកគាត់មានទំនុកចិត្ត និងមិនមានការភ័យខ្លាច៕

