ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា បើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញដល់អាជ្ញាធរ និង សមត្តកិច្ចនៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ វគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញដល់អាជ្ញាធរ និង សមត្តកិច្ចនៅខេត្តកំពង់ឆ្នាំង ត្រូវបានរៀបចំធ្វើឡើងរយ:ពេល២ លើកគឺថ្ងៃទី២៣ -២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ផាន់ គីម អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និង លោក ឈាង ចន្ទី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង និងតំណាងអង្គការឆាលហ្វានកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ថ្នាក់ដឹកនាំ មន្រ្តីជំនាញក្រុងស្រុកផងដែរ ។


មានប្រសាសន៍នៅក្នុងឱកាសនោះ លោកឈាង ចន្ទី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា នៅឆ្នាំ២០២៥មន្ទីរបានធ្វើ កិច្ចសហការល្អ រវាងមន្ទីរអង្គភាពជុំវិញខេត្ត និងដៃគូអភិវឌ្ឍន៍នានា បានអនុវត្តន៍នូវកម្មវិធីសំខាន់ៗចំនួន៤ ដែលដាក់ចេញដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាដូចជា ការលើកកម្ពស់សេវាសង្គមកិច្ច ការគ្រប់គ្រងសេវាស្តារជនរងគ្រោះ សេវាគាំទ្រទូទៅ និងអភិបាលកិច្ចវិស័យសង្គមកិច្ច សេវាគាំទ្រការអនុវត្តកម្មវិធីគាំពារសង្គម ។


មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ផាន់ គីម អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងរយៈពេល២ថ្ងៃ វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ក្នុងបរិបទដែលបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធអនឡាញកំពុងរីកចម្រើនយ៉ាងឆាប់រហ័សប៉ុន្តែជាមួយគ្នានោះ ក៏ត្រូវប្រុងប្រយ័ត្ននូវហានិភ័យនិងបញ្ហាប្រឈមនានាចំពោះសុវត្ថិភាព ជាពិសេសការបំពានការប្រើប្រាស់ខុសគោលបំណង និងអំពើហិង្សាតាមប្រព័ន្ធអនឡាញ។

វគ្គនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងចំណេះដឹងពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ឱ្យក្លាយជាជនបង្គោល និងមានសមត្ថភាព ជួយផ្សព្វផ្សាយបន្តដល់ក្រុមគោលដៅរបស់សមាជិកអង្គការនៅសហគមនន៍ឱ្យបានយល់ដឹង និងចូលរួមបង្ការ ទប់ស្កាត់បញ្ហាមិនឱ្យកើតឡើង ។


ឯកឧត្តម ផាន់ គីម បានបញ្ជាក់ថា ក្នុងរយៈពេល២ថ្ងៃនេះសូមឱ្យសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ ដកស្រង់នូវរាល់បទពិសោធន៍ល្អៗ ដែលធ្វើបទបង្ហាញដោយគ្រូឧទ្ទេស មកពីក្រសួងទាំងទ្រឹស្តីនិងការអនុវត្ត ដើម្បីពង្រឹងបាននូវកិច្ចសហការយ៉ាងជិតស្និត ក្នុងការឈានទៅបង្រ្កាប ទប់ស្កាត់បទល្មើសនានាដែលបានកើតឡើងនៅមូលដ្ឋាន ទាំងប្រព័ន្ធអនឡាញ និង បទល្មើសជាក់ស្តែងនៅក្នុងសហគមន៍ ជាពិសេសកុមារ ។

ហើយត្រូវយកចំណេះដឹងដែលបាននាពេលនេះទៅផ្សព្វផ្សាយនៅក្នុងសហគមន៍របស់ខ្លួនឱ្យបានទូលំទូលាយ ដោយធានាបាននូវ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ និង ធានាបាននូវការការពារសិទ្ធិកុមារប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។

error: Content is protected !!