ស្រុកទឹកឈូ ដើម្បីពង្រឹងការគ្រប់គ្រងដីធ្លី និងការពារសោភ័ណភាពធម្មជាតិ កាលពីរសៀលថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក អ៉ឹម ច័ន្ទសោធន អភិបាលនៃគណៈអភិបាលស្រុកទឹកឈូ បានដឹកនាំក្រុមការងារជំនាញ រួមជាមួយអាជ្ញាធរឃុំពាក់ព័ន្ធ ចុះពិនិត្យទីតាំងសាងសង់ដោយផ្ទាល់។

សកម្មភាពចុះត្រួតពិនិត្យការចុះបេសកកម្មនេះបានផ្តោតសំខាន់ទៅលើចំណុចក្តៅៗមួយចំនួនតាមបណ្តោយដងព្រែកទឹកឈូ រួមមានភូមិសាស្ត្រឃុំម៉ាក់ប្រាង្គ៖ ពិនិត្យការសាងសង់សំណង់រឹងដែលសង្ស័យថាបានរំលោភចូលទៅក្នុងផ្ទៃព្រែក។

ភូមិសាស្ត្រឃុំកំពង់ក្រែង៖ តាមដានសកម្មភាពសាងសង់ និងសំណង់មិនរៀបរយដែលប៉ះពាល់ដល់ចរន្តទឹក និងបរិស្ថានការរក្សាការពារដងព្រែកទឹកឈូ គឺជាអាទិភាពខ្ពស់ ដើម្បីធានាបាននូវតុល្យភាពបរិស្ថាន និងសោភ័ណភាពសម្រាប់វិស័យទេសចរណ៍នៅក្នុងតំបន់
វិធានការបន្តរបស់រដ្ឋបាលស្រុក។

តាមរយៈការចុះពិនិត្យនេះ លោកអភិបាលស្រុកបានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារបច្ចេកទេសនូវចំណុចសំខាន់ៗដូចជា៖
ផ្អាកជាបណ្តោះអាសន្ន រាល់ការសាងសង់ណាដែលមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ឬរំលោភលើចំណីព្រែក។

ធ្វើការណែនាំ និងអប់រំ ដល់ម្ចាស់សំណង់ឱ្យគោរពតាមបទដ្ឋានបច្ចេកទេស និងច្បាប់ភូមិបាលរាយការណ៍ និងចាត់វិធានការតាមច្បាប់ ចំពោះករណីរំលោភបំពានដោយចេតនា ដែលធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។

