ខេត្តកំពង់ឆ្នាំង ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ធលេខាធិការក្រសួងមហាផ្ទៃ បានជំរុញ និងលើកទឹកចិត្តដល់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង ជាពិសេសការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរឡើងនាឆ្នាំបន្តបន្ទាប់ទៀត។

មានប្រសាសន៍ដូចនេះនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រចាំឆ្នាំ២០២៥និងលើកទិសដៅការងារឆ្នាំ២០២៦ ខេត្តកំពង់ឆ្នាំង ។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អភិបាលរងខេត្ត ប្រតិភូអមដំណើរ នាយករងរដ្ឋបាលសាលាខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក អាជ្ញាធរឃុំ សង្កាត់ ស្មៀន កងកម្លាំងទាំងបី ព្រមទាំងប្រជាការពារជាច្រើនរូប ។

លោកជំទាវ ជូ ប៊ុនអេង បន្តជំរុញដល់ រដ្ឋបាលខេត្តកំពង់ឆ្នាំងត្រូវបន្តពង្រឹងការងារគណៈបញ្ហាការឯកភាពខេត្តឱ្យបានរឹងមាំ ក្តាប់បាននូវរាល់សភាពការនានាដែលកើតមានតាមក្រុង-ស្រុក ក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា ត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះប្រជាពលដ្ឋអំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ត្រូវរៀបចំវេទិការសាធារណៈ ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ ដើម្សីរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា។

លោក ជា សុខរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំងបញ្ជាក់ថា ខេត្តបានបន្តនិងយកចិត្តទុកខ្ពស់ចំពោះបទល្មើសឆបោកតាមប្រព័ន្ធscams Online មិនអោយកើតមានក្នុងខេត្ត និងជំរុញដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ឱ្យមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយភាពជឿទុកចិត្ត គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ។

មានសណ្តាប់ធ្នាប់សាធារណៈល្អគ្មានអំពើអនាចារ គ្មានការជួញដូរមនុស្សពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មាន ក្មេងទំនើង ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ព្រោះថាគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព”គឺជាកត្តាដ៏សំខាន់សម្រាប់បម្រើការពារ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយភាពកក់ក្តៅ និង សុវត្ថិភាពខ្ពស់ ជាពិសេសក្នុងការចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពជូន ប្រជាពលរដ្ឋនៅតាមមូលដ្ឋានគ្រប់ពេលវេលាគ្រប់កាលៈទេសៈ៕

