ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ អមដំណើរដោយ លោក តាំង ប៊ុនទត និងក្រុមការងារ បាននាំយកថវិកា របស់ឯកឧត្តមលោកជំទាវ ជាសប្បុរសជន ទៅឧបត្ថម្ភ ដល់ការរៀបចំសាងសង់ផ្ទះមួយខ្នង ជូនជនភៀសសឹក ដែលកំពុងរស់នៅ ភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

លោក សំ សំណាង មេភូមិបាញ់ឆ្គោល បញ្ជាក់ថា គ្រួសារជនភៀសសឹកខាងលើមានប្ដីឈ្មោះ ង៉ែត ភក្តី អាយុ ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ ឃិន យ័ន្ត អាយុ៣៦ ឆ្នាំ មានកូន ៦នាក់ រួមទាំងក្នុងផ្ទៃម្នាក់ គ្រួសារនេះបានភៀសសឹក មកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកសុំជ្រកកោនជាមួយប្អូនក្នុងភូមិបាញ់ឆ្គោល ប៉ុន្តែដោយគ្រួសារប្អូនមានជីវភាពលំបាកហើយពុំមានផ្ទះសម្បែង សមរម្យឲ្យជ្រកនោះទេ លោកក៏សុំសំយ៉ាបផ្ទះរបស់ប្រជាពលរដ្ឋ ជ្រកកោនមួយរយៈ ។
ដោយមើលឃើញភាពលំបាក ខ្វះខាតទាំងថវិកានិងជម្រក ក្នុងនាមលោកជាអាជ្ញាធរមូលដ្ឋាន បានអំពាវនាវដល់សប្បុរសជន ឯកឧត្តម លោកជំទាវ រហូតមានការឧបត្ថម្ភ ជាបន្តបន្ទាប់និងបានរៀបចំ សាងសង់ផ្ទះមួយខ្នងធ្វើអំពីដែកប្រក់និងបាំងជញ្ជាំងស័ង្កសីមានទំហំ ៥ ម៉ែត្រ លើដីរួមរបស់ភូមិមួយកន្លែង ដែលពេលនេះកំពុងតែសាងសង់បានគ្រោងឆ្អឹងដែក ផ្ទះ នៅខ្វះដំបូលជញ្ជាំង ផ្ទះបាយ បន្ទប់ទឹក និងចាក់សាបខាងក្រោម ។

លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានបញ្ជាក់ថាថវិកាដែលបានយកមកឧបត្ថម្ភក្នុងការសាងសង់ផ្ទះជូនជនភៀសសឹកខាងលើ បានមកពីការឧបត្ថម្ភរបស់ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង , ឯកឩត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង , ឯកឧត្តម អ៊ុក ពញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ , ឯកឧត្តម គឹម វាសនា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ , ឯកឧត្តម លាង សេង អនុរដ្ឋលេខាធិការ , លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ និង អង្គការទស្សនៈពិភពលោកជំនួយជាស័ង្កសី រួមទាំងសប្បុរសជនជាច្រើនទៀត ៕

