ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋនៅភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង កំពុងមមាញឹកក្នុងការឆ្អើរម្ទេសដើម្បីផ្គត់ផ្គង់ទីផ្សារ។ ម្ទេសឆ្អើរទាំងនេះត្រូវបាននាំចេញទៅលក់នៅតាមបណ្តាខេត្តនានា និងរាជធានីភ្នំពេញ ដោយសារតម្រូវការខ្ពស់ ជាពិសេសមានឈ្មួញបញ្ជាទិញដល់ទីតាំងផ្ទាល់តែម្តង។

ប្រជាពលរដ្ឋដែលផលិតម្ទេសឆ្អើរនៅតំបន់នេះ បានរៀបរាប់ស្រដៀងគ្នាថា ម្ទេសស្រស់ក្នុង១តោន អាចផលិតបានម្ទេសឆ្អើរ១៥០គីឡូក្រាម ។ចំពោះផលលំបាកវិញនោះមុខរបរផលិតម្ទេសឆ្អើរ គឺពឹងផ្អែកទៅលើកម្ដៅថ្ងៃជាកត្តាចាំបាច់ បានន័យថាកម្ដៅកាន់តែក្តៅ ម្ទេសឆ្អើរយើងគឺផលិតបានកាន់តែច្រើន និងមានគុណភាពល្អ ប៉ុន្តែបើសិនជាមេឃមិនមានអំណោយផលនោះទេ ម្ទេសឆ្អើរផលិតបានតិច និងមានការខូចខាត ដុះផ្សិត គ្មានគុណភាព មិនអាចរក្សាទុកបានយូរនោះឡើយ។
ចំពោះម្ទេសឆ្អើរនាពេលនេះមានតម្លៃខ្ពស់នៅលើទីផ្សារ ដែលជាឱកាសល្អសម្រាប់អ្នកផលិតដូចពួកគាត់ មិនធ្លាប់មានពីមុនមកទេ ការកើនឡើងនេះ កើតឡើងបន្ទាប់ពីមានការរឹតបន្តឹង ឬបិទច្រកព្រំដែន ដែលធ្វើឱ្យម្ទេសនាំចូលពីថៃថយចុះ ហើយឈ្មួញងាកមកទិញផលិតផលក្នុងស្រុកវិញ ប្រជាពលរដ្ឋបន្តថា កន្លងមកម្ទេសឆ្អើរយើងពុំសូវមានទីផ្សារ ធ្វើបានច្រើនពិបាកក្នុងការលក់ ប៉ុន្តែចាប់តាំងពីបិទច្រកថៃកាលណាម្ទេសយើងចាប់ផ្ដើមផ្ទុះ ងាយស្រួលក្នុងការលក់ ផ្គត់ផ្គង់ទៅលើទីផ្សារទោះបីមានចំនួនប៉ុន្មានតោនគឺ ឈ្មួញទទួលទិញយកទាំងងអស់ ចំណែកតម្លៃវិញក៏បានខ្ពស់ផងដែរ កាលមិនទាន់បិទច្រកព្រំដែនថៃម្ទេសឆ្អើររបស់ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង លក់បានតម្លៃត្រឹម ១ម៉ឺនរៀល ទៅ ១២០០០រៀល ប៉ុណ្ណោះក្នុងមួយគីឡូក្រាម ប៉ុន្តែចាប់តាំងពីពេលបិទច្រកព្រំដែន មកទល់បច្ចុប្បន្ននេះ ម្ទេសឆ្អើរតម្លៃមានលំនឹង តម្លៃចាប់ពី១៨០០០រ ទៅ២០០០០រៀល ក្នុងមួយគីឡូក្រាម។

ទោះជាយ៉ាងណាក្តី ប្រជាពលរដ្ឋនៅតែបង្ហាញពីការព្រួយបារម្ភចំពោះការធ្លាក់ចុះតម្លៃម្ទេសនៅពេលខាងមុខផងដែរ ។ និងសូមអំពាវនាវឱ្យប្រជាពលរដ្ឋងាកមកគាំទ្រ ម្ទេសឆ្អើរ ដែលជាផលិតផលក្នុងស្រុក គឺជាសកម្មភាពដ៏សំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារកសិករ និងពង្រឹងខ្សែចង្វាក់ផលិតកម្មកសិកម្មរបស់កម្ពុជា។ ការទិញម្ទេសឆ្អើរដែលផលិតក្នុងស្រុក ផ្ដល់ចំណូលផ្ទាល់ដល់កសិករដែលដាំដុះ និងអ្នកកែច្នៃនៅក្នុងសហគមន៍ វាមិនត្រឹមតែជួយឱ្យពួកគាត់មានជីវភាពធូរធារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន កាត់បន្ថយការចំណាកស្រុកបានមួយកម្រិត ៕

