ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំពិភាក្សា អំពីការពង្រឹងកិច្ចសហប្រតិបត្តិការសម្រុះសម្រួលផ្សះផ្សាវិវាទ ក្នុងក្របខណ្ឌ នៃការអនុវត្តអនុស្សរណៈ នៃការយោគយល់រវាង អ.ដ.ក. និងរដ្ឋបាលខេត្តកំពង់ឆ្នាំង

 

ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) សហការជួយអាជ្ញាធរខេត្តកំពង់ឆ្នាំង រួមជាមួយអង្គការអុកស្វាម ប្រចំានៅកម្ពុជា បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីកិច្ចដំណើរការ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្ដម មាស សុខកែវ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ឯកឩត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក្រុមការងារនៃអគ្គលេខាធិការដ្ឋានអ.ដ.ក. អភិបាលរងខេត្ត ប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ នាយកទីចាត់ការ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្ដម មាស សុខកែវ បញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយនេះត្រូវបានរៀបចំទ្បើងក្នុងគោលបំណងសំខាន់ចំនួន ៣ គឺ ទី១. ពិនិត្យ និងពិភាក្សាអំពីវិធីសាស្ត្រសមស្របដើម្បីពង្រឹង និងលើកកម្ពស់កិច្ចសហការ រវាង អ.ដ.ក. និងរដ្ឋបាលខេត្ត លើការងារសម្រុះសម្រួលផ្សះផ្សាវិវាទ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន / ២. ស្វែងយល់អំពីតម្រូវការជាក់ស្តែងក្នុងការរៀបចំឲ្យមានវគ្គបណ្ដុះបណ្ដាល ដើម្បីពង្រឹងសមត្ថភាពលើជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីពាក់ព័ន្ធនៃមន្ទីរ-អង្គភាពនានាជុំវិញរដ្ឋបាលខេត្ត / និងទី៣.សិក្សាអំពីវិធីសាស្រ្តក្នុងការបញ្រ្ជាបការយល់ដឹងពាក់ព័ន្ធនឹងយន្តការនៃការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ឱ្យបានកាន់តែទូលំទូលាយ ជូនដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឩត្តម ស៊ុន សុវណ្ណារិទ្ធិ កិច្ចប្រជុំក្នុងថ្ងៃនេះ ពិតជាបង្ហាញឱ្យឃើញពីការគំាទ្រដ៏មានសារសំខាន់ដល់កិច្ចដំណើរការរបស់ អ.ដ.ក. ដើម្បីអាចឈានទៅសម្រេចបាននូវបេសកកម្មចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសនៅតំបន់ដាច់ស្រយាល និងតំបន់ដែលមានជនជាតិដើមភាគតិចរស់នៅ សំដៅជំរុញ និងលើកកម្ពស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់ជាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋកម្ពុជា៕

error: Content is protected !!