(តាកែវ)÷ ប្រភព: ពីប្រជាពលរដ្ឋក្នុងផ្សារធំតាកែវ បានឲ្យដឹងនៅយប់រំលងអាធ្រាត វេលាម៉ោង ១: ០០នាទីត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ នៅចំណុចផ្សារធំតាកែវ ស្ថិតនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ពួកគាត់បានឃើញក្រុមឈ្មួញដឹកសាច់ជ្រូកដែលបានធ្វើហើយរួចជាស្រេចតាមរយ:រថយន្ត មកដាក់បោះឲ្យឈ្មួញកណ្ដាល ដែលមានម៉ូតូរម៉ក ចាំផ្ទេរចេញពីរថយន្ត ដើម្បីយកទៅលក់បន្ត ចែកចាយបោះឲ្យម៉ូយតាមតូបលក់ដូរ ក្នុងផ្សារធំតាកែវ ខណៈមួយរយ:កន្លងមកនេះពួកគាត់បានដឹងព័ត៌មានថា មានជ្រូកឈឺតាមបណ្ដារកសិដ្ឋាននីមួយៗ កំពុងតែឆ្លងជំងឺរីករាលដាល គ្រប់ខេត្តក្រុង ។
ទើបពួកគាត់ ដាក់ការសង្ស័យថា ក្រុមឈ្មួញសម្រុកដឹកសាច់ជ្រូកធ្វើហើយរួចជាស្រេចនេះ ថាជាជ្រូកឈឺ ព្រោះពួកគាត់មិនបានឃើញមានអាជ្ញាធរនិងមន្ទីរជំនាញចុះត្រួតពិនិត្យឲ្យបានត្រឹមត្រូវនោះទេ ! កត្តាទាំងអស់នេះហើយ ទើបធ្វើឱ្យពួកគាត់មានការព្រួយបារម្ភ អំពីការទិញយកទៅទទួលទាន ដោយមិនមានការត្រួតពិនិត្យ ពីរអាជ្ញាធរជំនាញនិងមន្ទីរពាក់ព័ន្ធនោះ អាចនិងប៉ះពាល់ទៅដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តតាកែវ ។

👉ជុំវិញករណីឈ្មួញដឹកជ្រូកទាំងកណ្ដាលអាធ្រាតនេះដែរ លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ បានឲ្យដឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះថា ក្រុមឈ្មួញដែលដឹកជ្រូកតាមរយៈរថយន្ត នាំចូលមកផ្សារធំតាកែវទាំងយប់នោះ គឺ ជាជ្រូករបស់ក្រុមហ៊ុន CP នាំមកពីស្រុកជុំគិរី ខេត្តកំពត ដឹកមកដាក់ម៉ូយផ្សារធំតាកែវ ក្នុង១យប់ ចាប់ពី២៦ទៅ២៧ក្បាល ហើយដឹកបន្តទៅចែកចាយ ដល់ផ្សារទន្លាប់ស្រុកគិរីវង់បន្ថែមទៀត។

លោកប្រធានការិយាល័យ ក៏បានទទួលស្គាល់ថា កន្លងមកថ្មីៗនេះ មានករណីជ្រូកឈឺពិតប្រាកដមែន ហើយមន្រ្តីជំនាញក៏ធ្លាប់ យកជ្រូកឈឺទាំងអស់នោះ ទៅកប់ចោលអស់ជាង៥០០០ក្បាលឯណ្ណោះ តែឥឡូវនេះក៏បានស្ងប់ស្ងាត់ទៅវិញបន្តិចហើយ យ៉ាងណាមិញប្រជាពលរដ្ឋជុំវិញផ្សាធំតាកែវ នៅតែទទូចស្នើរសុំ ទៅដល់អាជ្ញាធរពាក់ព័ន្ធ និងមន្ទីរជំនាញខេត្តតាកែវ មេត្តាចុះជួយត្រួតពិនិត្យសាច់ជ្រូក ដែលក្រុមឈ្មួញដឹកតាមរយ:រថយន្ត ទាំងយប់កណ្ដាលអាធ្រាតបែបនេះផង ដើម្បីឲ្យប្រជាពលរដ្ឋក្នុងខេត្តតាកែវ មានការជឿជាក់និងទុកចិត្ត ទៅលើសាច់ជ្រូកទាំងនេះ ថាពិតជាគ្មានជំងឺឆ្លងនោះទេ។

