ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ឯកឩត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងលោកជំទាវ រួមជាមួយមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ និងយកអំណោយជាគ្រឿងឩបភោគបរិភោគ និង រៀបចំអាហារ ផ្តល់ជូនកុមារកំព្រា និង កុមារភៀសសឹក ដែលមកកាន់ទីទួលសុវត្ថិភាព នៅមណ្ឌលខេត្តកំពង់ឆ្នាំង។

ការផ្តល់ជូននេះ ចំនួន២មណ្ឌល ទីមួយនៅមណ្ឌលថែទាំកុមារអភិវឌ្ឍថ្មី ដែលមានទីតាំងស្ថិតក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ និង មួយមណ្ឌលទៀត នៅមណ្ឌលកុមារ កំព្រាខេត្តកំពង់ឆ្នាំង ដែលមានកុមារភៀសសឹក កុមារកំព្រា និង អ្នកថែទាំ សរុប ជិត១០០នាក់ ភាគច្រើមមកពីខេត្តឩត្តមានជ័យ និង ខេត្តបន្ទាយមានជ័យ ។

លោក ជំទាវ កែ ចន្ទមុនី អ្នកដំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងមូលដ្ឋាន តែងតែគិតគូ និងយកចិត្តទុកដាក់ ដល់គ្រួសារកងទ័ព ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ជនភៀសសឹក កុមារកំព្រា ។ល។ មិនដែលបោះបង់ចោលគ្រប់កាលទេស ណាក៏ដោយ។

ក្នុងនោះ លោកជំទាវ តំណាងរាស្ត្រ ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកគ្រូ អ្នកគ្រូ ដែលបានជួយមើលថែទាំ ផ្តល់ការសិក្សាអប់រំ និងផ្តល់ការហូបចុកដល់កុមារ ដែលនេះជាការជួយសម្រាលបន្ទុកដល់ក្រុមគ្រួសាររបស់កុមារ និងសូមបន្តនូវសកម្មភាពដ៏ល្អមួយនេះដើម្បីអនាគតកុមារទាំងនេះ។

ជាមួយគ្នានេះ លោកជំទាវ ក៏បានផ្តាំផ្ញើដល់ក្មួយៗចៅៗទាំងអស់ “ត្រូវចេះរក្សាអនាម័យក្នុងការរស់នៅ ការលាងសម្អាតដៃជាមួយសាប៊ូ ត្រូវរៀបរយផ្ទះសំបែងឱ្យបានល្អ ខោអាវបោកគក់ឱ្យបានស្អាត ចេះស្រឡាញ់គ្នា ជួយយកអាសាគ្នាទៅវិញទៅមក ជាពិសេសត្រូវខិតខំសិក្សារៀនសូត្រធ្វើជាកូនល្អ សិស្សល្អ ជាពលរដ្ឋល្អ មានសុជីវធម៌ល្អ ចេះគោរពចាស់ទុំ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីក្លាយជាធនធានមនុស្សសម្រាប់បម្រើសង្គមជាតិ៕

